ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកមិញនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកមិញនេះ

02/03/2018
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ឬ TYDA នៅសាលមហោស្រពកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទាំងមូលនិធិបាយន្ត និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន មិនមែនបង្កើតឡើងស្វែងរកប្រាក់ចំណេញទេ តែបង្កើតឡើងដើម្បីបុព្វហេតុមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

* សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ជីវិតសម្តេចបានជួបលំបាកច្រើនណាស់ ព្រោះតែហេតុនេះហើយ ក្រោយពេលសម្តេចបានក្លាយជានាយករដ្ឋមន្ត្រី ក្រៅពីការប្រើប្រាស់ថវិកាជាតិសម្រាប់ដោះស្រាយបញ្ហា និងអភិវឌ្ឍន៍ជាតិហើយនោះ សម្តេចចង់ប្រមូលផ្តុំគ្រប់កម្លាំង ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពដល់ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមធ្វើការងារមនុស្សធម៌។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា លើពិភពលោកនេះគ្មានប្រទេសណាវេទនាដូចអតីតកាលរបស់កម្ពុជានោះទេ។ សម្តេចបន្តថា ប្រទេសជាច្រើនបានជួបសង្គ្រាមតែមន្ទីរពេទ្យមិនត្រូវបានវាយបំផ្លាញចោលនោះទេ ខុសពីប្រទេសកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លាញចោលខ្ទេចខ្ទីនូវមន្ទីរពេទ្យ។

* សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជារំលឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ កម្ពុជានៅសេសសល់គ្រូពេទ្យតិចតួចបំផុត។ សម្តេចបន្តថា ក្រៅពីខ្វះគ្រូពេទ្យហើយនោះ បរិក្ខា និងជំនួយពាក់ព័ន្ធវិស័យសុខាភិបាលនេះ ក៏មិនគ្រប់គ្រាន់ផងដែរ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលថា ពីអតីតកាលពោលក្រោយប្រទេសត្រូវរំដោះ កម្ពុជាប្រើថវិកាលើវិស័យការពារជាតិធំជាងវិស័យសុខាភិបាល ប៉ុន្តែពេលបច្ចុប្បន្នថវិកាបម្រើ សម្រាប់មនុស្ស ដោយយកគោលដៅមនុស្សជាស្នូលនោះ គឺធំជាងវិស័យការពារជាតិ និងសន្តិសុខរហូតដល់ទៅ ៣ដង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តថា ត្រូវបន្តយកចិត្តដាក់ជួយដល់ប្រជាពលរដ្ឋខ្មែរ ព្រោះនៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើដើម្បីលើកកម្ពស់សុខុមាលភាពពលរដ្ឋខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន ក៏អរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយដល់សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលជាការបង្ហាញឲ្យឃើញពីការរួមគ្នាដើម្បីជាតិ និងប្រជាពលរដ្ឋ ដោយមិនអង្គុយរង់ចាំតែការផ្តល់ដង្ហើមពីប្រទេសដទៃ។

* សម្តេចតេជោ បានថ្លែងថា លោក ហុង លីម ជាតំណាងរាស្ត្រមកពីបក្សប្រឆាំង ដែលជាហេតុនាំឲ្យនាយករដ្ឋមន្ត្រីអូស្ត្រាលីពិបាកក្នុងការនិយាយជាមួយបុគ្គលរូបនេះ។

* សម្តេចតេជោ បានលើកឡើងថា នៅកម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌បានត្រូវមានការចូលរួមពីសប្បុរសជនដែលមានធនធាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេចក្តីត្រូវការរបស់កម្ពុជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ បើទោះបីប្រៀបធៀបជាមួយក្តីលំបាកក្រោយរំដោះប្រទេសមានការខុសគ្នាឆ្ងាយ ក៏ដោយនោះ។ តែសម្តេចថា រាល់ការងារដែលកម្ពុជាសម្រេចបាន ក៏ដូចជាត្រូវធ្វើបន្តទៅមុខ គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ពោលបើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ មិនអាចសម្រេចបាននោះឡើយ។

* សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន ឲ្យបង្កើនសកម្មភាពរបស់ខ្លួនទៅឲ្យកៀកជាមួយបងប្អូនកម្មករ កម្មការិនី។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា សម្តេចបានចងដៃក្នុងពិធីមង្គលការរបស់តារាកំប្លែង «នាយចយ» ១ម៉ឺនដុល្លារ។

* ក្រៅពីស្នើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តបន្តសកម្មភាពជួយសង្គ្រោះជីវិតប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ បានស្នើឲ្យក្រុមគ្រូពេទ្យបន្តប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន ហើយក៏ត្រូវបង្កើន នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា សម្តេចទទួលយកមិនបានទេចំពោះការលើកឡើងថា គ្រូពេទ្យកម្ពុជារហូតដល់ទៅ៩០ភាគរយជាគ្រូពេទ្យអាក្រក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា នៅមានចំណុចខ្វះខាតសម្រាប់ក្រុមគ្រូពេទ្យ តែមិនមែនមានស្ថានភាពអាក្រក់ដូចការលើកឡើងនោះឡើយ ប្រសិនបើអាក្រក់បែបនោះមែនពលរដ្ឋខ្មែរមិនអាចរស់នៅបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅថ្ងៃម្សិលមិញសម្តេចបានចុះហត្ថលេខាបង្កើតជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជាហើយ ហើយសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតធ្វើជាប្រធាននៃមូលនិធិនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមគ្រូពេទ្យថា មិនត្រូវទុកឲ្យអ្នកជំងឺដែលទៅព្យាបាលកន្លែងខ្លួនហើយ ហើយខ្លួនគ្មានសមត្ថភាពព្យាបាលបែរជាទុកឲ្យអ្នកជំងឺ ទៅរកកន្លែងព្យាបាលនៅកន្លែងដទៃដោយខ្លួនឯងនោះឡើយ ពោលគឺត្រូវនាំគាត់ទៅរកមន្ទីរពេទ្យដែលមានសមត្ថភាព។

* សម្តេចតេជោ បានបញ្ជាក់ថា មិនត្រូវទុកឲ្យអ្នកជំងឺអស់សង្ឃឹមនោះទេ ពោលទោះបីជា ឬមិនជាត្រូវតែប្រឹងប្រែងរកមធ្យោបាយជួយព្យាបាលរាល់អ្នកជំងឺ។

* សម្តេចតេជោ បានផ្តាំផ្ញើទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោថា មិនត្រូវប្រកាន់និន្នាការនយោបាយនោះទេ ពោលនៅពេលចុះព្យាបាលមិនត្រូវសួរថា បោះឆ្នោតឲ្យបក្សណា​ ឬ មកពីបក្សណានោះឡើយ។ សម្តេចបញ្ជាក់ថា បើទោះបីអ្នកជំងឺនោះធ្លាប់ជេរបក្សប្រជាជនកម្ពុជា ក៏ត្រូវតែព្យាបាល ហើយបើព្យាបាលហើយគាត់ទៅជេរ ពេលឈឺលើកក្រោយក៏នៅតែព្យាបាល។

* សម្តេចប្រមុខបន្តថា ការធ្វើនយោបាយគឺជារឿងមួយ តែការព្យាបាល ការជួយសង្គ្រោះមនុស្សមិនមាននិន្នាការនយោបាយ មិនមានការរើសអើង ឬប្រកាន់ពូជសាសន៍នោះឡើយ។

* មុននឹងបញ្ចប់កិច្ចសំណេះសំណាលសម្តេចតេជោ បានក្រើនរំលឹកដល់សមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តថា ត្រូវតែរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន ព្រោះអតីតកាលរបស់កម្ពុជា គឺលំបាកខ្លាំងណាស់។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសនៅក្នុងតំបន់គ្មានប្រទេសណាដែលមិនជាប់បំណុលគេនោះ គឺមានតែប្រទេសប្រុយណេតែប៉ុណ្ណោះ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា អត្រានៃការជំពាក់បំណុលនៃប្រទេសនីមួយៗ គឺមានរហូតដល់ទៅ ៤០ភាគរយនៃផលិតផលជាតិសរុប តែកម្ពុជានាពេលបច្ចុប្បន្នអត្រាបំណុល នេះមានត្រឹមតែ ២២ភាគរយប៉ុណ្ណោះរាប់ទាំងបំណុលចាស់របស់អាមេរិក និងរុស្ស៊ីផងដែរ។

* សម្តេចប្រទេសខ្លះអត្រាបំណុលនេះ មានររហូតដល់១២០ភាគរយ ខណៈប្រទេសបារាំង ប្រជាពលរដ្ឋម្នាក់ជំពាក់គេរហូតដល់ទៅជាង ៥ម៉ឺនដុល្លារ និងសហរដ្ឋអាមេរិកជាង៤ម៉ឺនដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាមេដឹកនាំបក្សប្រឆាំងមិនទាន់ទៅណា សម្តេចនឹងមិនឈប់ដឹកនាំប្រទេសនោះឡើយ ព្រោះមានតែសម្តេចទើបអាចទប់ស្ថានការណ៍ ប្រទេសពីការបង្កអស្ថេរភាពដែលបង្កឡើង​ ដោយអតីតមេដឹកនាំបក្សប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅលោក សម រង្ស៊ី ថា បានបញ្ចប់ហើយឬនៅនូវនយោបាយ «មានស៊ី អត់សែន មានសែន អត់ស៊ី» នោះ។ សម្តេចបានបញ្ជាក់ថា សម្តេចបើកចំហរជានិច្ចសម្រាប់ការសន្ទនាជាមួយអ្នកនយោបាយទាំងអស់ ដែលមិនជាប់ពាក់ព័ន្ធផ្លូវច្បាប់ តែអ្នកជាប់ពាក់ព័ន្ធផ្លូវច្បាប់មិនអាចសន្ទនានោះឡើយ។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សង្គ្រាមនៅកម្ពុជាត្រូវបានបញ្ចប់ក្នុងកណ្តាប់ដៃរបស់សម្តេច ពោលសម្តេចមិនមែនជាអ្នកបង្កើតសង្គ្រាមទេ តែសម្តេចជាអ្នកបញ្ចប់សង្គ្រាម។

* សម្តេចប្រមុខរាជរដ្ឋាភិបាលប្រកាសថា នឹងបន្តគាំពារសុខសន្តិភាពរបស់កម្ពុជា ហើយមិនឱនក្បាលជាមួយប្រទេសណាមួយ ដើម្បីជាថ្នូរនឹងអ្វីមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងពិចារណាបំពេញទស្សនកិច្ចនៅប្រទេសតួកគី ក្រោយពេលរាជរដ្ឋាភិបាលថ្មីត្រូវបង្កើតឡើងនាអំឡុងខែកញ្ញា ក្រោយពេលបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវការទទួលស្គាល់ពីបរទេស ឬអង្គការសហប្រជាជាតិនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានហៅការចាប់យកជម្រើសយោធារបស់ថៃ គឺជាវិធានការណ៍មួយទប់ស្កាត់មិនឲ្យប្រទេសនេះបែកខ្ចែកគ្នា។