ប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវទឹកពីព្រែកព្នៅទៅក្រុងតាខ្មៅ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវទឹកពីព្រែកព្នៅទៅក្រុងតាខ្មៅ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

01/03/2018
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការការដឹកជញ្ជូនអ្នកដំណើរពីព្រែកព្នៅ មកភ្នំពេញ​ ហើយឆ្ពោះទៅក្រុងតាខ្មៅ ក៏ដូចជាពីក្រុងតាខ្មៅ មករាជធានីភ្នំពេញ ហើយឆ្ពោះទៅព្រែកព្នៅនៅមុនពេលបុណ្យចូលឆ្នាំខ្មែរនេះហើយ។
ការបញ្ជាក់បែបនេះបានធ្វើឡើងនៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំដំណើរការនាវាដឹកជញ្ជូនអ្នកដំណើរ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសរបស់ក្រសួងពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឲ្យក្រុមការងារបច្ចេកទេសពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឲ្យដំណើរការដោយរលូនតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវទឹក នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់។
សូមបញ្ជាក់ថា ការធ្វើដំណើរតាមផ្លូវទឹកពីព្រែកព្នៅទៅក្រុងតាខ្មៅ មានចម្ងាយសរុបប្រមាណ ២៥គីឡូម៉ែត្រ ដោយចំណាយវេលាធ្វើដំណើរប្រមាណ ៣៤នាទី។ ការដាក់ឲ្យមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។

ក្រសួងបានរៀបចំកំពង់ផែសម្រាប់អ្នកដំណើរចូលចតចំនួន៦ទីតាំងរួមមាន៖ ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ, ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ, ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត, ទីតាំងទី៤៖ កំពង់ផែ ណាហ្គា, ទីតាំងទី៥៖ កំពង់ផែ ភូមិដើមចាន់ (ច្បារអំពៅ) និងទីតាំងទី៦៖ កំពង់ផែ សួនច្បារតាខ្មៅ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងថា សម្តេចមានការសប្បាយរីករាយខ្លាំងចំពោះការដាក់ឲ្យមានការដឹកជញ្ជូនអ្នកដំណើរនៅតាមផ្លូវទឹកនេះ៕