នាយឧត្តមសេនីយ៍ សុខ ផល៖ ​ក្នុងរយៈពេល៣ខែ​ ជនបរទេសជាង៩៤០០គ្រួសារ ត្រូវបានអាជ្ញាធរដកហូតឯកសាររដ្ឋបាល ដែលកាន់កាប់ដោយខុសច្បាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយឧត្តមសេនីយ៍ សុខ ផល៖ ​ក្នុងរយៈពេល៣ខែ​ ជនបរទេសជាង៩៤០០គ្រួសារ ត្រូវបានអាជ្ញាធរដកហូតឯកសាររដ្ឋបាល ដែលកាន់កាប់ដោយខុសច្បាប់

27/02/2018
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ បានឲ្យដឹងថា ក្នុងរយៈពេល៣ខែមកនេះ ជនបរទេសជាង៩៤០០គ្រួសារ ស្មើនឹងជាង៣ម៉ឺននាក់ ត្រូវបានអាជ្ញាធររាជធានី-ខេត្ត​ ដកហូតឯកសាររដ្ឋបាល ដែល​ពួកគេបានកាន់កាប់ដោយខុសច្បាប់ និងធ្វើការបដិសេធចោល។

នាយឧត្តមសេនីយ៍បញ្ជាក់ថា ប្រតិបត្តិរយៈពេល៣ខែនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១២៩អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ​ស្ដីពីការលុបចោល និងដកហូតឯកសារ​រដ្ឋបាលកម្ពុជា​​ ដែលជនបរទេសកំពុងកាន់កាប់ប្រក្រតី។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងយ៉ាងដូច្នេះថា «យើងបានដកហូតឯកសារ​នេះ នៅតាមបណ្ដាខេត្ត-រាជធានី បើគិតត្រឹមរយៈពេល៣ខែនេះ គឺមានចំនួន​៩៤១៥គ្រួសារ មនុស្សរួម៣៣,៦៨០នាក់ រួចហើយ»
នាយឧត្តមសេនីយ៍ សុខ ផល បាន​បន្ថែមថា ក្នុងប្រតិបត្តិការដកហូតឯកសារ ដែលកាន់កាប់មិនប្រក្រតីនេះ អាជ្ញាធរ និងសមត្ថកិច្ចក៏បានជួបប្រទះនូវ បញ្ហាប្រឈមមួយចំនួនផងដែរ ព្រោះថាសាមីខ្លួនដែលកាន់កាប់ឯកសារខុសច្បាប់នោះ មិនមានការសហការជាមួយអាជ្ញាធរ ពោលគឺតែងតែគេចវេស ហើយមានអ្នកខ្លះនិយាយថា បាត់​ឯកសារ ឬលែងលះប្ដីប្រពន្ធ​ជាដើម។

ទន្ទឹមនឹងបញ្ហាប្រឈមទាំងអស់ នាយឧត្តមសេនីយ៍អគ្គនាយក ក្នុងឋានៈជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងជាអ្នកអនុវត្តការងារនេះផ្ទាល់តែម្ដ​ង បានធ្វើការប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែងធ្វើការងារនេះ ឲ្យបានកាន់តែល្អបំផុត ពោលមិនបន្ដឲ្យជនបរទេសណាអាចកាន់កាប់ឯកសារ ដោយខុសច្បាប់បានទៀតនោះទេ។

យ៉ាងណាក៏ដោយ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក៏បានបញ្ជាក់ដែរថា ​ជនបរទេសណាដែលនៅតែរឹងទទឹង ជាមួយអាជ្ញាធរមានសមត្ថកិច្ច ចំពោះការកាន់កាប់ឯកសារខុសច្បាប់នេះ នៅពេលដែលឯកសារនោះអស់សុពលភាព អាចនឹងប្រឈមជាមួយទោសទណ្ឌ ដែលមានកំណត់ក្នុងច្បាប់ផងដែរ។
សូមជម្រាបថា របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា លទ្ធផល​នៃការជំរឿនបានរកឃើញថា ជនបរទេសអន្តោប្រវេសន៍ សរុប៤៦,៧៧៦គ្រួសារ ស្មើនឹងចំនួនមនុស្ស១៧៦,៨១២នាក់ ក្នុងនោះស្រីចំនួន ៧៩,៧២៨នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្នុងចំណោមជនបរទេសអន្តោប្រវេសន្តជាង១៧ម៉ឺនាក់ ក្នុងមានជនបរទេសអន្តោប្រវេសន្តចំនួន២០,២១៨គ្រួសារ ស្មើនឹងចំនួនមនុស្ស ៧៣,៣៩៧នាក់ ស្រី៣៥,៨៨៨នាក់ មាន០៥សញ្ជាតិ កំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលឯកសារទាំងនោះមាន០៧ប្រភេទឯកសារ។

របាយការណ៍បញ្ជាក់ថា ឯកសារទាំង០៧ប្រភេទនោះរួមមាន សៀវភៅស្នាក់នៅចំនួន១៨,៥៨០ក្បាល, សៀវភៅគ្រួសារចំនួន២,១៧៧ក្បាល, សំបុត្រកំណើតចំនួន១១,៣៣៦ច្បាប់, សំបុត្រអាពាហ៍ពិពាហ៍ចំនួន២៤១ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន៦,៧២២ប័ណ្ណ, លិខិតឆ្លងដែនកម្ពុជា ចំនួន៦៣២ក្បាល និងបណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុចំនួន៤១បណ្ណ៕