រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសចូលកាន់តំណែងអភិបាលរងថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសចូលកាន់តំណែងអភិបាលរងថ្មី

27/02/2018
(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកស្រី កែវ សាវឿន ជាអភិបាលរងថ្មី នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
ពិធីត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ជាង ៣០០នាក់។
សូមបញ្ជាក់ថា លោកស្រី កែវ សាវឿន ត្រូវបានរាជរដ្ឋាភិបាលចាត់តាំងឲ្យមកកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសលោកស្រី គង់ ស៊ីផា អតីតអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី នាពេលថ្មីៗកន្លងមកនេះ។

លោក ប៉ាវ ហមផាន ក្នុងពិធីនោះ បានក្រើនរំលឹកដល់អភិបាលរងថ្មីនៃខេត្តស្ទឹងត្រែង ក៏ដូចជាមន្ត្រីក្នុងខេត្តទាំងអស់ ត្រូវដាក់ចិត្តដាក់កាយបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ ហើយត្រូវប្រឹងប្រែងដោះស្រាយរាល់បញ្ហាដែលកើតមានលើប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង៕