លោក Justin Denison អនុប្រធានផ្នែកទីផ្សាររបស់ Samsung បានយកឱកាសបង្ហាញចេញ Galaxy S9/S9+ កាលពីអាធ្រាត្រថ្ងៃអាទិត្យទី ២៥ ដើម្បីចំអន់លើពីរចំណុចរបស់ iPhone X។
នៅខណៈនោះលោក Justin បានលើកឡើងថា ៖
“នៅពេលយើងបង្ហាញចេញអេក្រង់ Infinity Display មនុស្សភាគច្រើនមិនធ្លាប់ឃើញវាពីមុនមកទេ។ វាជារចនាបថដ៏អស្ចារ្យមួយ ដែលអាចផ្ដល់ជូនផ្ទៃអេក្រង់ទំហំធំ និងបានក្លាយជាស្តង់ដារមួយរបស់សហគ្រាសបានយ៉ាងរហ័សបំផុត។
ជាមួយ S9 យើងផលិតវាដោយផ្អែកលើមូលដ្ឋាននេះ យកផ្ទៃអេក្រង់ដែលលាតសន្ធឹងមកធ្វើឲ្យវាកាន់តែល្អប្រសើរ។ យើងបានបង្កើតការឌីហ្សាញដ៏ល្អបំផុត ដែលអ្នកមិនអាចមើលឃើញស៊ុមអេក្រង់។ ដូចដែលបានដឹងហើយ អេក្រង់របស់វាមិនមានស្នាមឆែបនោះទេ"។
អនុប្រធានរូបនេះក៏បាននិយាយអំពីការប្ដូរទីតាំងនៃទ្រនាប់ស្កេនម្រាមដៃលើ Galaxy S9/S9+ និងនិយាយថាវាជាមុខងារពេញនិយមមួយដែលមនុស្សប្រើដើម្បីដោះសោទូរសព្ទ ហេតុនេះទើបមិនដកវាចេញ (ដូចជា Apple ដកចេញពី iPhone X) នោះទេ។
មិនមែនជាលើកទីមួយទេដែលអនុប្រធានផ្នែកទីផ្សាររូបនេះបានចំអកដល់ Apple នោះ។ កាលពីខែសីហា ឆ្នាំ ២០១៦ លោក Justin បានចំអក iPhone 7 ដែលមិនមានរន្ធដោតកាស នៅក្នុងកម្មវិធីប្រកាសចេញ Galaxy Note7៕
ប្រភព៖ redmondpie ប្រែសម្រួល៖ ឡៃហ៊ាង
