មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល​ ជំរុញថ្នាក់ដឹកនាំមន្ទីរពេទ្យ ពង្រឹងគុណភាពការងារនៅមន្ទីរពិសោធន៍ យកចិត្ដទុកដាក់បំពេញភារកិច្ច ដើម្បីព្យាបាលចំគោលដៅ និងឆាប់ជាសះស្បើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល​ ជំរុញថ្នាក់ដឹកនាំមន្ទីរពេទ្យ ពង្រឹងគុណភាពការងារនៅមន្ទីរពិសោធន៍ យកចិត្ដទុកដាក់បំពេញភារកិច្ច ដើម្បីព្យាបាលចំគោលដៅ និងឆាប់ជាសះស្បើយ

19/02/2018
(សៀមរាប)៖ អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោកស្រី ឱ​ វណ្ណឌីន​ បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យទូទាំងប្រទេស បន្តពង្រឹងការងារមន្ទីរពិសោធន៌នៅតាមមូលដ្ឋានសុខាភិបាលសាធារណ:​ ជាកត្តាជំរុញឲ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធិភាព​។
ការថ្លែងបែបនេះ​ បានធ្វើឡើងនៅ ក្នុងសិក្ខាសាលាសាលាស្តីពី ការវាយតម្លៃមន្ទីរពិសោធន៍កម្ពុជា ដោយប្រើបញ្ជីផ្ទៀងផ្ទាត់សម្រាប់ទទួលស្គាល់គុណភាព CamLQMS (ប្រព័ន្ធគ្រប់គ្រងគុណភាពនៃមន្ទីរពិសោធន៍កម្ពុជា) និងវិថីឆ្ពោះទៅរកការទទួលស្គាល់គុណភាព នៅថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ត្រូវនឹងថ្ងៃទី១៩​ ខែកុម្ភ: ឆ្នាំ២០១៨​ នៅខេត្ដសៀមរាប ។
លោកស្រី បានណែនាំឲ្យមន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ បំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសុខាភិបាល​ ពិសេសផ្នែកមន្ទីរពិសោធន៍នេះឲ្យបានល្អខ្ជាប់ខ្ជួន។ មន្ទីរពិសោធន៌ត្រូវផ្សារភ្ជាប់ជាមួយការងារពិនិត្យជំងឺ និងធ្វើរោគវិនិឆ្ឆ័យរបស់លោកគ្រូ​ អ្នកគ្រូពេទ្យ​ ដែលជាកត្តាមិនអាចខ្វះបានឡើយ។
មន្ទីរពិសោធន៌មានគុណភាព​ល្អ​ នឹងជួយជំរុញឲ្យការវិនិឆ្ឆ័យរោគកាន់តែបានសុក្រិតល្អ ហើយផ្តល់ការព្យាបាល បានចំគោលដៅជំងឺឆាប់ជាសះស្បើយ។

លោកស្រីវេជ្ជបណ្ឌិត ក៏បានជំរុញឲ្យមានការគ្រប់គ្រងមន្ទីរពិសោធន៍ល្អ និងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មន្ទីរពេទ្យជាចាំបាច់​ កុំទុកការងារមន្ទីរសោធន៍ជាកិច្ចការបន្ទាប់បន្សំឬដាច់ដោយឡែក ចេញពីមន្ទីរពេទ្យឲ្យសោះ​ ដោយមន្ទីរពេទ្យចាំបាច់ត្រូវតែ មានមន្ទីរពិសោធន៍ល្អ ប្រកបដោយគុណភាព ដើម្បីជួយដល់ការងារព្យាបាល ក្នុងមន្ទីរពេទ្យបានល្អប្រសើរ។ម្យ៉ាងទៀត​ មន្ទីរពិសោធន៍ ក៏ជាកន្លែងផ្តល់លទ្ធផល សម្រាប់ការងារស្រាវជ្រាវជំងឺផងដែរ។
លើសពីនោះ លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល​ បានសង្កត់ធ្ងន់បន្ថែមថា សូមឲ្យខិតខំជំរុញមន្ទីរពិសោធន៍ទាំងអស់​ ឆ្ពោះទៅរកគុណភាពតាម​ ISO15189​ និងបំពេញតាមគោលការណ៌ IHR 2005 ជាចាំបាច់។ លទ្ធផលមន្ទីរពិសោធន៌ត្រឹមត្រូវតាមបច្ចេកទេស​ ជួយដល់ការស្វែងរកមូលហេតុនៃជំងឺបានពិតប្រាកដ​ ហើយអាចជួយក្នុងការដាក់ចេញនូវវិធានការការពារទប់ស្កាត់ជំងឺនានាបានផងដែរ។ សូមកុំឲ្យមានការវិភាគជំងឺខុស​ ឫព្យាបាលមិនពូកែ​ ដោយសារតែលទ្ធផលមន្ទីរពិសោធន៍ ផ្តល់ចញមកមិនត្រឹមត្រូវឲ្យសោះ។
ព្រមជាមួយគ្នានេះ លោកស្រី ក៏បានលើកសរសើរ ដល់ការខិតខំនានា ក្នុងពេលកន្លងមក​របស់បុគ្គលិកសុខាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យមានការទប់ស្កាត់ បាននូវការចម្លងជំងឺដូចជា​ MERS, SARS, Ebola, និងZika ជាដើម​ ហើយថ្មីៗនេះ មានការទប់ស្កាត់បានល្អប្រសើរ នូវការចម្លងរោគពីបក្សី មកមនុស្សសំរាប់​ជំងឺផ្តាសាយបក្សី​ H5N1​ ផងដែរ ៕