សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់នារីៗកុំឲ្យប្រគល់ខ្លួនប្រាណ ទៅឲ្យបុរសណាទាំងអស់នៅថ្ងៃ១៤ កុម្ភៈ ព្រោះមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់នារីៗកុំឲ្យប្រគល់ខ្លួនប្រាណ ទៅឲ្យបុរសណាទាំងអស់នៅថ្ងៃ១៤ កុម្ភៈ ព្រោះមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះឡើយ

13/02/2018
(ភ្នំពេញ)៖ បុណ្យនៃក្ដីស្រលាញ់ ឬហៅម្យ៉ាងទៀតថា Valentines Day​ ថ្វីបើមិនមែនបុណ្យប្រពៃណីកម្ពុជាក៏ពិតមែន ប៉ុន្ដែបច្ចុប្បន្ន​ហាក់កំពុងតែពេញនិយម សម្រាប់ស្រទាប់យុវវ័យកម្ពុជា ដែលពួកគេបានទិញកាដូឲ្យគ្នាជាដើម ហើយ​បុណ្យមួយនេះដែរ តែងតែគេប្រារព្ធធ្វើឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ពោលគឺនៅថ្ងៃស្អែកនេះតែម្ដង។
ស្របពេលថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះកាន់តែជិតចូលមកដល់នោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់សុភាពនារីទាំងឡាយ នៅក្នុងប្រទេសកម្ពុជាថា សូមកុំប្រគល់ខ្លួនឲ្យបុរសជាសង្សា នៅថ្ងៃ​បុណ្យនៃក្ដីស្រលាញ់ស្អែកនេះឲ្យសោះ ព្រោះមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះឡើយ។

ការផ្ដាំផ្ញើបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូននិស្សិតសកល វិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើយ៉ាងដូច្នេះថា «ក្មួយៗអើយ ថ្ងៃស្អែកនេះគេហៅថ្ងៃនៃក្ដីស្រលាញ់ ថ្ងៃ១៤ស្អែកនេះហើយ! អាណិតទៅអាហ្នឹងមិនមែនទំនៀមទម្លាប់ខ្មែរទេ វាជាទំនៀមទម្លាប់បរទេស ក៏ប៉ុន្ដែយើងមិនអាចរារាំងបានទេ តែសុំតែម្យ៉ាងទេ សូមកុំប្រគល់ខ្លួនឲ្យបុរសណាទាំងអស់ថ្ងៃហ្នឹង»។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ដែរថា ថ្ងៃ១៤កុម្ភៈ សម្រាប់វប្បធម៌បរទេសដែលគេបង្ហាញក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក មិនមែនជាថ្ងៃប្រគល់ខ្លួនប្រាណឲ្យសង្សានោះទេ ហេតុនេះសម្ដេចថា សូមយុវវ័យកម្ពុជាកុំមានការភ័ន្ដច្រឡំឲ្យសោះ។

មួយវិញទៀត សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យពលរដ្ឋកម្ពុជាទាំងអស់មិនថាចាស់ ឬក្មេង សូមឲ្យកែប្រែថ្ងៃនៃក្ដីស្រលាញ់សម្រាប់សង្សា មកជាថ្ងៃនៃក្ដីស្រលាញ់ សម្រាប់ឪពុកម្ដាយ សម្រាប់ក្រុមគ្រួសារ សម្រាប់សាច់ញាតិ សម្រាប់ប្រទេសជាតិ និងសម្រាប់វប្បធម៌កម្ពុជាជាដើម។

សូមជម្រាបថា «Valentine's Day ឬ ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់» ដែល​​យុវវ័យ​មួយចំនួន​ហៅថា «ថ្ងៃបុណ្យ​​សង្សារ» ជា​ថ្ងៃ​ដែលរៀបចំ ​ដើម្បី​រំលឹក​ដល់​សេចក្តីស្រលាញ់ របស់បព្វជិតជនជាតិរ៉ូមុំាង ដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារសេចក្តីស្រឡាញ់។

បច្ចុប្បន្នបុណ្យនេះ កំពុងចាក់ឫសក្នុងដួងចិត្តរបស់ ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ស្រទាប់​យុវវ័យ។ «Valentine's Day»​ ត្រូវបាន​គេ​ប្រារ​ព្ធ​ឡើង ​នៅក្នុង​ថ្ងៃទី ១៤ ខែ​កុម្ភៈ​រៀងរាល់ឆ្នាំ ហើយឲ្យតែដល់ថ្ងៃនេះ ពួកគេតែងតែទិញអំណោយ ផ្កាកូឡាប ជូនអ្នកដែលខ្លួនស្រឡាញ់ ហើយយុវវ័យខ្លះ ផុងខ្លួនលះបង់ខ្លួនប្រាណដើម្បីបង្ហាញពី ក្តីស្រឡាញ់ចំពោះសង្សាររបស់ខ្លួនទៀតផង៕