HPV ជាវីរុសបណ្ដាលឲ្យកើតជំងឺមហារីកមាត់ស្បូន និងសម្លាប់ស្ត្រីជាច្រើនជុំវិញពិភពលោក។ វីរុសនេះកើតលើមនុស្សដែលសកម្មរឿងរួមភេទ។ មានន័យថា មនុស្សភាគច្រើន ឆ្លងវីរុសនេះភ្លាមៗ បន្ទាប់ពីរួមភេទរួច ហើយជាទូទៅ ឆ្លងលើបុរស និងស្ត្រីចាប់ពីអាយុ ១៥ ឆ្នាំឡើង។
វីរុស HPV មានច្រើនជាង ២០០ ប្រភេទ តែមានតែវីរុស HPV ប្រភេទ ១៦ និង ១៨ ប៉ុណ្ណោះដែល៧០% អាចកើតជំងឺមហារីកមាត់ស្បូន ដំបៅមាត់ស្បូន មហារីកទ្វារលាមក មហារីកទ្វារមាស និងលិង្គ។
រូបតំណាង
ឯវីរុស HPV ប្រភេទ ៦ និង ១១ វិញ មាន ៩០% អាចកើតជំងឺឫសនៅប្រដាប់បន្តពូជ និងដុះសាច់នៅផ្លូវដង្ហើម (RRP) ជាជំងឺមួយមានដុំសាច់ (ដុំស្លូត) ដុះក្នុងផ្លូវដង្ហើម ចាប់តាំងពីច្រមុះ និងមាត់ទៅដល់ក្នុងសួត។ធ្វើម៉េចទើបដឹងថាអ្នកមានជំងឺមហារីកមាត់ស្បូន?
ជាទូទៅ អ្នកកើតជំងឺមហារីកមាត់ស្បូន រហូតដល់ដំណាក់កាលធ្ងន់ធ្ងរ ទើបចេញរោគសញ្ញា៖
មករដូវមិនទៀង
ហូរឈាមតាមទ្វារមាសក្រោយរួមភេទ
ឈឺត្រគាក
ឈឺចាប់នៅទ្វារមាស ឬហូរសារធាតុរាវមានក្លិនមិនល្អ
ស្រកទម្ងន់ ។
ដោយជំងឺមហារីកមាត់ស្បូន គ្មានរោគសញ្ញានៅដំណាក់កាលដំបូង ស្ត្រីអាយុពី ២១ ទៅ ២៩ ឆ្នាំ ត្រូវទៅធ្វើតេស្តកោសិកាមាត់ស្បូនរាល់ ៣ ឆ្នាំម្ដង។ ឯស្ត្រីអាយុចាប់ពី ៣០ ឆ្នាំឡើង ត្រូវទៅពិនិត្យកោសិកាមាត់ស្បូន និងធ្វើតេស្តរកវីរុស HPV រាល់ ៥ ឆ្នាំម្ដង។ ការធ្វើតេស្តរួមគ្នានេះ ត្រូវបន្តរហូតដល់អាយុ ៦៥ ឆ្នាំ។
សំណាងមានវ៉ាក់សាំង HPV!
មានវ៉ាក់សាំង ២ ប្រភេទ ត្រូវរដ្ឋបាលស្បៀងអាហារ និងថ្នាំ (FDA) របស់អាមេរិក ទទួលស្គាល់ថាការពារមិនឲ្យកើតវីរុស HPV ទាំងប្រភេទ ១៦ និង ១៨ បាន។
អង្គការសុខភាពពិភពលោក ណែនាំឲ្យក្មេងស្រីអាយុចាប់ពី ៩-១៣ ឆ្នាំ ចាក់វ៉ាក់សាំងបង្ការវីរុសនេះ។ មានន័យថា វ៉ាក់សាំងបង្ការជំងឺនេះ ត្រូវចាក់មុនពេលរួមភេទជាលើកដំបូង។
វ៉ាក់សាំង HPV នេះ ត្រូវចាក់នៅសាច់ដុំដើមដៃ ហើយត្រូវចាក់ពី ២ ទៅ ៣ ដូស។ ស្រីៗអាយុ ១៥-២៦ ឆ្នាំ ត្រូវចាក់ ៣ ដូស។ ដូសទី២ ត្រូវចាក់ ២ ខែបន្ទាប់ពីចាក់លើកទី១។ ដូសទី៣ ត្រូវចាក់ ៦ ខែបន្ទាប់ពីចាក់លើកទី១។
ដោយឡែក ប្រទេសមួយចំនួន ក៏ចាប់ផ្ដើមចាក់វ៉ាក់សាំងនេះលើក្មេងប្រុស ដើម្បីការពារជំងឺមហារីកប្រដាប់បន្តពូជផងដែរ។
អ្នកអាចទាក់ទងពេទ្យ ដើម្បីទទួលបានការណែនាំចាក់វ៉ាក់សាំងបង្ការជំងឺនេះ។ ទោះបីចាក់វ៉ាក់សាំងបង្ការជំងឺនេះក៏ដោយ ដើម្បីសុវត្ថិភាព អ្នកជំនាញណែនាំឲ្យប្រើស្រោមអនាម័យ ពេលរួមភេទ និងកាត់បន្ថយដៃគូរួមភេទ។
ប្រភព៖ DKSH