រៀបការរួចយូរក្រែលដែរ ប៉ុន្តែមិនមានកូនចៅនិងគេសោះ! ជឿថាអ្នកប្រាកដជាអន្ទះសា ក្នុងការស្វែងរកដំណោះស្រាយហើយមែនទេ? ដូច្នេះដើម្បីជួយអ្នកឲ្យសម្រេចបំណង ខាងក្រោមនេះជាវិធី៥យ៉ាងណែនាំដោយអ្នកឯកទេសរោគស្ត្រី ដែលអាចឲ្យអ្នកមានផ្ទៃពោះបានដោយជោគជ័យ៖
១. កុំលេង Facebook មុនពេលចូលគេង
ពន្លឺពីទូរស័ព្ទដៃ ឬទូរទស្សន៍ជិះឥទ្ធិពលដល់ដំណេករបស់អ្នក។ ហើយការគេងមិនគ្រប់គ្រាន់ ប៉ះពាល់ដល់កម្រិត melatonin និង cortisol ក៏ដូចជាលទ្ធភាពក្នុងការបង្កកំណើត។ ដូច្នេះអ្នកគួរទុកទូរស័ព្ទទៅម្ខាង រួចបែរមកអាចសៀវភៅ ឬជជែកលេងជាមួយប្ដីមុនពេលចូលគេងវិញ ទើបជាការប្រសើរ។
២. អ្នកមិនចាំបាច់រួមដំណេករាល់ថ្ងៃនោះទេ
មនុស្សជាច្រើននិយាយថាអ្នកគួរតែរួមដំណេកឲ្យបានច្រើនដងតាមតែអាចទៅរួច ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះ។ ប៉ុន្តែអ្នកឯកទេសនិយាយថា ពេលវេលាដែលល្អបំផុតគឺមានតែមុន និងជុំវិញថ្ងៃនៃការបញ្ចេញអូវុល ដែលកើតឡើងប្រហែល១៤ថ្ងៃមុនពេលមករដូវប៉ុណ្ណោះ។ ដូច្នេះអ្នកគួរមានប្រតិទិនដើម្បីដឹងពីវដ្តរដូវរបស់ខ្លួន។
៣. ញ៉ាំបន្លែសម្រាប់អាហារថ្ងៃត្រង់
មនុស្សស្រីដែលធាត់ ឬស្គមខ្លាំងអាចមានបញ្ហាពិបាកក្នុងការមានផ្ទៃពោះ។ ដូច្នេះសូមកុំអស់សង្ឃឹម ព្យាយាមប្ដូររបបអាហារ មកញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ដើម្បីទទួលបានគីឡូត្រឹមត្រូវ សមស្របជាមួយកម្ពស់របស់អ្នក។
៤. តាមដានរបបអាហារប្ដីរបស់អ្នកដែរ
មនុស្សប្រុសកាន់តែធាត់ មេជីវិតឈ្មោលរបស់គាត់កាន់តែតិចនិងខ្សោយ។ ដូច្នេះអ្នកទាំងពីរត្រូវយកចិត្តទុកដាក់ពីរបបអាហារឲ្យបានល្អិតល្អន់ដូចគ្នា។ ព្យាយាមលើកទឹកចិត្តគ្នាទៅវិញទៅមក ជាមួយការញ៉ាំ និងហាត់ប្រាណឲ្យបានត្រឹមត្រូវ និងទៀងទាត់។
៥. សម្រាក
អារម្មណ៍ច្របូកច្របល់ មួម៉ៅ ធុញថប់ ក៏ធ្វើឲ្យប៉ះពាល់ដល់ការបង្កកំណើតដែរ។ ពេលឃើញមិត្តភ័ក្ដិមានផ្ទះពោះ សូមកុំរំជើបរំជួលខ្លាំងពេល។ អ្នកអាចពឹងប្ដីឲ្យជួយម៉ាស្សាស្បែកក្បាល ដើរលេង ឬអានសៀវភៅជាដើម ដើម្បីធ្វើឲ្យខួរក្បាលស្រឡះ ស្រស់ថ្លាល្អ ៕
ប្រភព៖ familyshare ប្រែសម្រួល៖ ឡាៃហ៊ាង
