ពោតលីងត្រូវបានគេចាត់ទុកថាជាប្រភេទអាហារសម្រន់ដែលមានការពេញនិយម ជាពិសេសគឺនៅតាមរោងកុនតែម្តង។ វាសម្បូរទៅដោយជាតិ Fiber វីតាមីនបេ និងជាតិម៉ាញេស្យូមជាដើម ដែលទាំងនោះហើយជាប្រភពតម្រូវការចាំបាច់នៅក្នុងរាងកាយ។
តោះមកស្គាល់អំពីអត្ថប្រយោជន៍របស់ពោតលីងចំពោះសុខភាព ដើម្បីឱ្យអ្នកទាំងអស់គ្នាបានដឹង៖
១. បន្ថយកម្រិតកូឡេស្តេរ៉ូល
ពោតលីងមានផ្ទុកសារធាតុ Fiber ដែលអាចជម្រុះជាតិកូឡេស្តេរ៉ូលពីក្នុងសរសៃឈាម។ វាក៏អាចកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។
២. សម្រួលការរំលាយអាហារ
អាហារសម្រន់ដែលផលិតឡើងពីគ្រាប់ធញ្ញជាតិមួយនេះ មានផ្ទុក អង់ដូស្ពែម Germ និង Bran ដែលមាននាទីសំខាន់ជួយក្នុងការរំលាយអាហារ។ សំខាន់បំផុតវាក៏ជួយការពារបញ្ហាទល់លាមកបានមួយកម្រិតដែរ។
៣. រក្សាលំនឹងជាតិស្ករ
ជាតិ Fiber ដែលមានក្នុងពោតលីងជួយគ្រប់គ្រងដំណើរការរបស់កម្រិតអាំងស៊ុយលីនក្នុងឈាម។ អាំងស៊ុយលីន ជាអ្នកកំណត់ការប្រើប្រាស់ជាតិស្ករក្នុងរាងកាយ និងអាចជួយការពារពីជំងឺទឹកនោមផ្អែមបាន។
៤. ការពារជំងឺមហារីក
វាសម្បូរទៅដោយសមាសធាតុ Poly- Phenolic ដែលជាអ្នកប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយមនុស្ស ហើយវាក៏មាននាទីទប់ស្កាត់ភាពចុះខ្សោយរបស់កោសិកាផងដែរ។
៥. ជួយសម្រកទម្ងន់
ជាតិ Fiber របស់ពោតលីងជួយកាត់បន្ថយអ័រម៉ូនដែលនាំឃ្លាន (Hunger Hormone) ហើយបើធៀបជាមួយនំដំឡូងវិញវាមានកាឡូរីទាបជាងរហូតដល់ទៅ ៥ដងឯណោះ។
៦. ជួយឆ្អឹង
ពោតលីងមានផ្ទុកជាតិម៉ាញេស្យូមដែលជួយដល់ភាពរឹងមាំរបស់ឆ្អឹង និងការពារពីជំងឺស្ពោតឆ្អឹង ឬឈឺសន្លាក់ជាដើម៕
ប្រភព៖ Boldsky ប្រែសម្រួល៖ ឡៃហ៊ាង
