១៥ យ៉ាងដើម្បីក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

១៥ យ៉ាងដើម្បីក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ

25/01/2018
អ្នកអាចជាអ្នកគ្រប់គ្រង អ្នកគ្រប់គ្រងថ្នាក់កណ្តាល ឬអ្នកគ្រប់គ្រងថ្នាក់កំពូលនៅក្នុងក្រុមហ៊ុនរបស់អ្នក។ ប៉ុន្តែទោះជាអ្នកគឺជាអ្នកណា ឬមានទំនួលខុសត្រូវច្រើនប៉ុណ្ណា អ្នកត្រូវតែមានគុណសម្បត្តិណាមួយដើម្បីទទួលបានជោគជ័យនៅក្នុងការងាររបស់អ្នក ហើយវាគ្មានអ្វីក្រៅពីការបំពេញតួនាទីជាអ្នកដឹកនាំដ៏ល្អបំផុតតាមដែលអ្នកអាចធ្វើបានទៅកាន់បុគ្គលិកធ្វើការក្រោមបង្គាប់របស់អ្នក។
ទោះបីវាជាការពិតដែលថាបុគ្គលិកលក្ខណៈរបស់អ្នកមានសារសំខាន់ក្នុងការទទួលបាននូវឥទ្ធិពលនិងការគោរពពីសំណាក់បុគ្គលិក តែអ្នកក៏អាចកែប្រែអាកប្បកិរិយាដោយការផ្លាស់ប្តូរក្រមសីលធម៌របស់អ្នក ដើម្បីបង្កើនគុណភាពនៃភាពជាអ្នកដឹកនាំរបស់អ្នកឱ្យបានស្ថិតស្ថេរយូរអង្វែង។

១. ស្គាល់ពីរបៀបក្នុងការដឹកនាំរបស់អ្នក៖
នៅមុនពេលធ្វើការលើកកម្ពស់កម្រិតនៃភាពជាអ្នកដឹកនាំរបស់អ្នក រឿងដំបូងដែលអ្នកត្រូវធ្វើគឺត្រូវយល់ច្បាស់ថាតើអ្នកជាមេដឹកនាំបែបណានៅក្នុងដំណាក់កាលបច្ចុប្បន្នរបស់អ្នក។ ការស្គាល់ច្បាស់នេះគឺរួមបញ្ចូលទាំងការយល់ដឹងអំពីភាពខ្លាំងនាពេលបច្ចុប្បន្នរបស់អ្នកក៏ដូចជាចំណុចខ្វះខាតដែលអ្នកត្រូវកែលម្អ។

២. បំផុសគំនិតច្នៃប្រឌិតក្នុងចំណោមបុគ្គលិក៖
ការជំរុញគំនិតច្នៃប្រឌិតនិងចក្ខុវិស័យផ្នែកបញ្ញាក្នុងចំណោមអ្នកក្រោមបង្គាប់របស់អ្នកត្រូវបានចាត់ទុកថាជាគុណសម្បត្តិសំខាន់ដែលកំណត់នូវអ្នកដឹកនាំដែលមានការចែករំលែក។ អ្នកគួរតែផ្តល់ឱ្យពួកគេនូវការប្រកួតប្រជែងជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងដើម្បីជួយពួកគេឱ្យសម្រេចបានដល់គោលដៅ។

៣. មិនត្រឹមតែគ្រប់គ្រង តែត្រូវធ្វើជាគំរូដ៏ល្អ៖
ដោយគ្រាន់តែគ្រប់គ្រងថ្នាក់ក្រោមរបស់អ្នកនឹងមិនធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យនោះទេ។ អ្នកត្រូវតែធ្វើខ្លួនឱ្យក្លាយទៅជាគំរូល្អសម្រាប់ពួកគេ។ និយាយទៅដើម្បីក្លាយទៅជាអ្នកដឹកនាំដ៏អស្ចារ្យនោះ អ្នកត្រូវតែបង្ហាញពីគុណសម្បត្តិដែលអ្នកចង់បានឱ្យសមាជិកក្នុងក្រុមរបស់អ្នកបានឃើញ។

៤. ត្រូវមានថាមពលនិងចំណង់ក្នុងការបំពេញការងារ៖
ប្រសិនបើអ្នកចង់ឱ្យក្រុមការងាររបស់អ្នកគិតខ្វល់អំពីការងាររបស់ពួកគេ នោះអ្នកត្រូវតែបង្ហាញថាអ្នកពិតជាងប់ងល់នឹងការងារដែលអ្នកកំពុងតែធ្វើ។ អ្នកត្រូវមានភាពរស់រវើកនិងស្វាហាប់នៅក្នុងសកម្មភាពប្រចាំថ្ងៃ ហើយនៅពេលនោះបុគ្គលិកក្រោមបង្គាប់របស់អ្នកនឹងធ្វើតាមជាក់ជាមិនខាន។

៥. ត្រូវធ្វើខ្លួនជាអ្នកជំនាញខាងទំនាក់ទំនង៖
គ្មាននរណាម្នាក់អាចក្លាយទៅជាមេដឹកនាំដ៏អស្ចារ្យម្នាក់ដោយមិនចាំអាចប្រាស្រ័យទាក់ទងគំនិតរបស់គាត់ឱ្យមានប្រសិទ្ធភាពជាមួយក្រុមការងារបានឡើយ។ អ្នកគួរតែព្យាយា​មបង្ហាញអំពីគំនិតនិងការព្រួយបារម្ភរបស់អ្នកទៅបុគ្គលិកក្រោមបង្គាប់ដោយប្រើពាក្យសម្ដីនិងទាំងកាយវិការ។ អ្នកគួរតែមានការយល់ដឹងដោយពេញលេញអំពីបែបបទនៃការបំពេញការងារ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់អ្នក។ ការធ្វើបែបនេះនឹងអាចជួយគាំទ្រទ្រឹស្តីរបស់អ្នកប្រកបដោយការពិតជាក់ស្ដែង។

៦. ប្រកាន់នូវគំនិតវិជ្ជមានគ្រប់ពេលវេលា៖
អ្នកដឹកនាំដ៏អស្ចារ្យអាចបង្ហាញនូវអាកប្បកិរិយាជាវិជ្ជមាននិងសុទិដ្ឋិនិយម ទោះបីជាជួបប្រទះនឹងការលំបាក ដែលអាចជាមូលហេតុនៃការបំផុសគំនិតសម្រាប់បុគ្គលិករបស់គេ។ វាមិនមែនមានន័យថាអ្នកត្រូវតែមើលអ្វីគ្រប់យ៉ាងនៅក្នុងផ្លូវល្អនោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវរក្សាគំនិតអារម្មណ៍សុទិដ្ឋិនិយមនិងក្តីសង្ឃឹមនៅពេលប្រឈមនឹងបញ្ហា។

៧. លើកទឹកចិត្តអ្នកដទៃឱ្យចូលរួមចែករំលែកគំនិត៖
ជាជាងការធ្វើជាប្រភពនៃគំនិតនិងការសម្រេចចិត្ត អ្នកគួរតែលើកទឹកចិត្តក្រុមការងាររបស់អ្នកអោយចូលរួមយ៉ាងសកម្មនៅក្នុងដំណើរនៃការធ្វើសេចក្តីសម្រេចចិត្តដូចជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ ការដឹកនាំដោយអនុវត្តនូវលទ្ធិប្រជាធិបតេយ្យបែបនេះអាចធ្វើឱ្យមានភាពប្រសើរឡើងនៃទំនាក់ទំនង គំនិតច្នៃប្រឌិត និងការដោះស្រាយបញ្ហាក្នុងចំណោមបុគ្គលិកក្រោមបង្គាប់។

៨. ព្យាយាមជម្រុញទឹកចិត្តតាមដែលអាចធ្វើទៅបាន៖
ដើម្បីក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យអ្នកមិនត្រូវគ្រាន់តែជួយជម្រុញបុគ្គលិករបស់អ្នកនោះទេ ប៉ុន្តែអ្នកក៏គួរតែលើកទឹកចិត្តយ៉ាងសកម្មឱ្យពួកគេឈានសម្រេចទៅដល់គោលដៅ។ ការជម្រុញទឹកចិត្តនេះអាចជាការផ្តល់រង្វាន់ ការទទួលស្គាល់ និងការសរសើរចំពោះសមិទ្ធផលការងាររបស់ពួកគេ។

៩. ផ្តល់កិត្តិយសនិងការកោតសរសើរចំពោះបុគ្គលិកឆ្នើម៖
វិធីសាស្ត្រដ៏សំខាន់មួយដែលមេដឹកនាំដ៏អស្ចារ្យអាចធ្វើឱ្យអ្នកបុគ្គលិករបស់គាត់មានអារម្មណ៍ថាមានការពេញចិត្តនិងក្ដីរីករាយគឺដោយការផ្តល់កិត្តិយសទៅកាន់បុគ្គលិកដែលបំពេញការងារបានល្អលើសពីការរំពឹងទុក។ ទង្វើនេះអាចជួយលុបបំបាត់ឧបសគ្គឆ្ពោះទៅកាន់ភាពជោគជ័យរបស់ពួកគេនៅពេលដែលយើងបានផ្តល់រង្វាន់ដល់កិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ពួកគេ។

១០. កុំខ្លាចនឹងសុំទោស៖
គ្មានអ្នកដឹកនាំដ៏អស្ចារ្យណាម្នាក់ដែលល្អឥតខ្ចោះនោះឡើយ ហើយអ្នកប្រហែលជាអាចនឹងមានកំហុសឆ្គងនៅពេលណាមួយ។ នៅពេលរឿងនេះកើតឡើង អ្នកមិនត្រូវភ័យខ្លាចក្នុងការសុំទោសនិងរៀនពីកំហុសឆ្គងនោះឡើយ វាអាចនឹងជួយអ្នកឱ្យក្លាយទៅជាអ្នកដឹកនាំដែលល្អប្រសើរជាងនេះនៅពេលអនាគត។

១១. បង្ហាញការគោរពដល់អ្នកដែលនៅជុំវិញខ្លួនអ្នក៖
នៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានការគោរពពីអ្នកដទៃ នោះអ្នកត្រូវគោរពអ្នកដទៃជាមុន។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះមិនតែអំពីការគោរពចំពោះតែបុគ្គលដែលអ្នកចាត់ទុកថាជាបុគ្គលិកដែលបំពេញការងារបានល្អនោះទេ។ ផ្ទុយទៅវិញ ក្នុងនាមជាអ្នកដឹកនាំអ្នកគួរតែគោរពមនុស្សគ្រប់គ្នាដោយមិនគិតពីការរួមចំណែកតិចឫច្រើនរបស់ពួកគេនៅក្នុងការងារនោះទេ។

១២. បង្ហាញពីភាពក្លាហាននៅចំពោះមុខទុក្ខលំបាក៖
វាមិនមែនជាការភ្ញាក់ផ្អើលនោះទេដែលថាអ្នកដែលប្រតិបត្តិតាមអ្នកដឹកនាំនឹងតាមមើលគាត់ឬនាងដើម្បីយកធ្វើជាគម្រូ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដែលមានការបំផុសគំនិតដ៏ល្អនោះ អ្នកត្រូវបង្ហាញពីភាពក្លាហានរបស់អ្នកទោះបីជានៅពេលជួបប្រទះនឹងទុក្ខលំបាកក៏ដោយ។

១៣. ធ្វើការវិភាគអំពីការសម្រេចចិត្តមុនពេលចាប់ផ្ដើមធ្វើសកម្មភាព៖
អ្នកដឹកនាំដ៏អស្ចារ្យម្នាក់មិនគួរជាមនុស្សដែលធ្វើអ្វីតាមតែសន្ទុះចិត្តនោះទេ។ ការសម្រេចចិត្តទាំងឡាយត្រូវតែឆ្លងកាត់វិភាគដោយប្រុងប្រយ័ត្នអំពីគុណសម្បត្តិនិងគុណវិបត្តិមុននឹងឈានទៅដល់ការអនុវត្ត។ ខណៈពេលដែលវាអាចនឹងត្រូវការពេលវេលាដើម្បីប្រមូលព័ត៌មាន តែការសំរេចចិត្តដោយប្រុងប្រយ័ត្ននឹងផ្តល់នូវលទ្ធផលល្អប្រសើរក្នុងរយៈពេលវែង។

១៤. មានចក្ខុវិស័យនិងបេសកកម្ម៖
ភាពជាអ្នកដឹកនាំពិតប្រកដគឺត្រូវតែផ្ដោតទៅលើការមានចក្ខុវិស័យនិងបេសកកម្មដើម្បីឈានទៅសម្រេចគោលដៅជាក់លាក់ណាមួយ។ ដើម្បីជម្រុញចិត្តអ្នកដទៃអោយផ្លាស់ទីក្នុងទិសដៅដូចគ្នា អ្នកត្រូវតែមានសមត្ថភាពអាចបញ្ចុះបញ្ចូលបុគ្គលិកក្រោមបង្គាប់ឱ្យប្រតិបត្តិតាមចក្ខុវិស័យរបស់អ្នកពោលគឺជាផ្លូវដែលត្រឹមត្រូវ។

១៥. កុំខ្លាចក្នុងការទទួលយកមតិយោបល់កែលម្អ៖
វិថីដើម្បីក្លាយទៅជាអ្នកដឹកនាំដ៏អស្ចារ្យមិនមែនជាវិថីតែមួយទេ។ នៅក្នុងការស្វែងរកភាពអស្ចារ្យរបស់អ្នក អ្នកក៏គួរតែអាចចូលទៅជិតបុគ្គលិកក្រោមបង្គាប់របស់អ្នកដើម្បីទទួលបានមកវិញនូវមតិយោបល់និងការបំផុសគំនិត។ អ្នកគួរទទួលយកគំនិតថ្មីៗពីពួកគេហើយធ្វើការកែលម្អគំនិតទាំងនោះដើម្បីបំផុសនិងលើកទឹកចិត្តដល់បុគ្គលិករបស់អ្នកបន្ថែមទៀត។

សម្រួលដោយ៖ ឡៃហ៊ាង