បុគ្គលមានភាពជាអ្នកដឹកនាំ គឺខុសប្លែកគ្នាពីអ្នកអនុវត្តតាម ។ តើមានអ្វីខ្លះដែលជាចំណុចខុសគ្នា ?
១-ឈានទៅមុខ៖
មនុស្សដែលមានលក្ខណៈជាអ្នកអនុវត្តតាម ទោះបីជាធ្វើការងារបានល្អយ៉ាងណាក្តី ក៏មិនអាចបោះជំហានទៅមុខ និងមិនអាចគិតទៅឱ្យឆ្ងាយជាងមុនឡើយ ។ ផ្ទុយទៅវិញ បុគ្គលមានភាពជាអ្នកដឹកនាំ នឹងសម្លឹងឃើញការងាររបស់ខ្លួន គឺត្រូវតែសម្រេចឱ្យបាន និងគិតអំពីភាពជោគជ័យតាមឱកាស និងស្ថានការណ៍ ។
២-មានទំនុកចិត្ត៖
អ្នកអនុវត្តតាមតែងតែសម្លឹងឃើញថា សមត្ថភាព និងភាពជោគជ័យរបស់អ្នកដទៃទៀត ឬមិត្តរួមការងារ គឺជាក្តីអន្តរាយ ដែលអាចធ្វើឱ្យតួនាទីរបស់ខ្លួនមិនស្ថិតស្ថេរ ។ ប៉ុន្តែបុគ្គលមានភាពជាអ្នកដឹកនាំ នឹងសម្លឹងឃើញមនុស្សមានសមត្ថភាពទាំងនេះជាទ្រព្យសម្បត្តិ ព្រោះអ្នកដឹកនាំត្រូវការផ្លាស់ប្តូរអ្វីដដែលៗឱ្យល្អប្រសើរជាងមុន ។ ការសម្លឹងឃើញអ្នកដែលមានសមត្ថភាពនៅក្បែរខ្លួន ចាត់ទុកជារឿងគួរឱ្យរីករាយ ។
៣-សម្លឹងឃើញពិភពខាងក្រៅក្នុងផ្លូវល្អ៖
ជាធម្មតា អ្នកអនុវត្តតាមសម្លឹងឃើញចំណុចរារាំង ឬរបាំងផ្លូវចំពោះហេតុការណ៍ផ្សេងៗ ប៉ុន្តែអ្នកដឹកនាំសម្លឹងឃើញភាពអាចទៅបាន និងរកផ្លូវចេញពីបញ្ហា ។ អ្វីដែលសំខាន់ នៅពេលមានកំហុសឆ្គង អ្នកដឹកនាំនឹងមិនព្រមនៅជាមួយបញ្ហានោះទេ ប៉ុន្តែនឹងព្យាយាមធ្វើឱ្យគ្រប់យ៉ាងល្អប្រសើរឡើង ។
៤-ក្លាហានដើម្បីផ្លាស់ប្តូរ៖
មនុស្សមួយចំនួនខ្លាចក្នុងការផ្លាស់ប្តូរ ព្រោះគិតថា ជារឿងលំបាក ហើយមានអារម្មណ៍ថា ស្ថានភាពដើម ការងារដើម វាប្រសើរជាង ។ ប៉ុន្តែបុគ្គលមានភាពជាអ្នកដឹកនាំ តែងតែសម្លឹងឃើញឱកាសក្នុងការផ្លាស់ប្តូរទៅរកអ្វីដែលថ្មី ។
៥-មិនស្ទាក់ស្ទើរ៖
អ្នកអនុវត្តតាម ជាមនុស្សដែលស្ទាក់ស្ទើរ និងខ្លាចថាអាចនឹងធ្វើខុស ប៉ុន្តែបុគ្គលមានភាពជាអ្នកដឹកនាំនឹងមិនភ័យខ្លាចនោះទេ ទោះបីជាពេលខ្លះគេមិនប្រាកដចិត្តថា អ្វីដែលកំពុងតែធ្វើនោះសមស្របឬអត់ក្តី ព្រោះមនុស្សប្រភេទនេះគិតថា ការសម្រេចចិត្តធ្វើអ្វីម្យ៉ាង គឺល្អជាងការស្ទាក់ស្ទើរចិត្ត និងផ្លាស់ប្តូរចុះឡើង ។
៦-មានភាពទទួលខុសត្រូវ៖
នៅពេលមានកំហុសឆ្គងកើតឡើង យើងតែងសង្កេតឃើញមនុស្សខ្លះចូលចិត្តបន្ទោសស្ថានភាពផ្សេងៗ មិត្តរួមការងារ និងបន្ទោសអ្វីផ្សេងទៀត ដែលនឹងធ្វើឱ្យខ្លួនគេចរួចពីកំហុស ប៉ុន្តែបុគ្គលមានភាពជាអ្នកដឹកនាំ នឹងបង្ហាញពីភាពទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ។ ពួកគេមិនព្រួយបារម្ភថា ការព្រមទទួលកំហុសនឹងធ្វើឱ្យគេមិនល្អនោះទេ ព្រោះគេដឹងថា បើគេបន្ទោសអ្វីនៅក្បែរខ្លួន វានឹងធ្វើឱ្យគេមើលទៅអាក្រក់ក្នុងក្រសែភ្នែកអ្នកដទៃ ។
៧-ដាក់ខ្លួន៖
ក្រុមមនុស្សអនុវត្តតាម តែងតែស្វែងរកកេរ្តិ៍ឈ្មោះ កិត្តិយស ខណៈដែលបុគ្គលមានភាពជាអ្នកដឹកនាំតែងឱនលំទោនដាក់ខ្លួន និងមិនព្យាយាមធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថា ខ្លួនគេឆ្លាតជាងអ្នកដទៃ ។
៨-ស្រឡាញ់នូវអ្វីដែលកំពុងធ្វើ៖
មនុស្សខ្លះអាចមើលថា វាជារឿងធម្មតា ដែលត្រូវទៅធ្វើការងារ បំពេញតួនាទីរបស់ខ្លួនឱ្យចប់មួយថ្ងៃៗ រួចក៏ត្រឡប់មកផ្ទះ ហើយស្អែកឡើងក៏ធ្វើដដែលៗទៀត រហូតដល់ក្លាយជាជីវិតប្រចាំថ្ងៃ ប៉ុន្តែសម្រាប់បុគ្គលមានភាពជាអ្នកដឹកនាំ គេនឹងស្រឡាញ់នូវអ្វីដែលបានធ្វើ និងគិតថា ការងារគឺជាចំណែកមួយរបស់ជីវិត និងជាចំណែកសំខាន់ផងដែរ។
៩-មានកម្លាំងជំរុញចិត្តពីខាងក្នុង៖
សម្រាប់អ្នកអនុវត្តតាមនឹងមានកម្លាំងជំរុញចេញពីខាងក្រៅជាចំណែកដ៏ធំ ដូចជា តំណែង កេរ្តិ៍ឈ្មោះ និងឋានៈផ្សេងៗ ប៉ុន្តែបុគ្គលមានភាពជាអ្នកដឹកនាំ នឹងមានកម្លាំងជំរុញចិត្តចេញពីខាងក្នុងវិញ ។ ពេលខ្លះពួកគេមិនបានធ្វើការព្រោះតែកេរ្តិ៍ឈ្មោះ ឬប្រាក់នោះទេ ប៉ុន្តែជាការបន្តឈានទៅមុខ ព្រោះដឹងថា ខ្លួនជាអ្នកណា និងធ្វើជាប្រយោជន៍ដល់អ្នកដទៃបាន ដោយក៏មិនត្រូវការយករង្វាន់សម្រាប់លើកទឹកចិត្តពួកគេឡើយ ។
១០-ចាត់ទុកការងារសំខាន់៖
អ្នកអនុវត្តតាមតែងតែព្រួយបារម្ភរឿងមុខតំណែងរបស់ខ្លួនឯង និងអ្នកធ្វើការជាមួយគ្នា ហើយក្រែងចិត្តអ្នកដែលមានតួនាទីខ្ពស់ជាង ព្រោះពួកគេខ្វះនូវការជំរុញចិត្ត រួមទាំងខ្វះទំនុកចិត្តលើខ្លួនឯង ចំណែកឯបុគ្គលមានភាពជាអ្នកដឹកនាំ ពួកគេតែងផ្តោតលើទិន្នន័យ និងចំណុចលម្អិតនៃការងារដោយយកមកជជែកគ្នាលើតុ ។ រីឯដៃគូសន្ទនានឹងមានតួនាទីអ្វីនោះ ពួកគេមិនចាប់អារម្មណ៍ឡើយ គឺគុណភាពការងារជារឿងសំខាន់ ។
១១-រៀនសូត្រជានិច្ច៖
បុគ្គលមានភាពជាអ្នកដឹកនាំនឹងមានទំនុកចិត្ត ប៉ុន្តែគេដឹងថា ខ្លួនគេមិនមែនជាវីរបុរស (Hero) ហើយឆ្លាតលើសអ្នកដទៃឡើយ ។ ពួកគេព្រមទទួលស្គាល់ថា មិនយល់ទៅលើរឿងអ្វីមួយ និងព្រមរៀនសូត្រនៅពេលមានឱកាស។ ប៉ុន្តែអ្នកអនុវត្តតាម នឹងព្យាយាមប្រាប់ខ្លួនឯងថា ខ្លួនរវល់ខ្លាំង និងមិនរៀនសូត្របន្ថែមនោះទេ ៕
សម្រួលដោយ៖ ឡៃហ៊ាង
