បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ !​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ !​

25/01/2018
មនុស្ស​ភាគច្រើន​សុទ្ធតែ​ ​មិន​ចង់​​ធ្វើ​តាម​បញ្ជា​គេ​ទេ​​ ​ប៉ុន្តែ​ចង់​ក្លាយ​ជា​អ្នក​ដែល​បញ្ជា​​អ្នក​ដទៃ​​ ​មាន​ន័យ​ថា ​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​​។ ​ប៉ុន្តែ​​ក្លាយ​ជា​អ្នក​ដឹកនាំ​គេ​ ​មិន​ថា​​នៅ​​​ក្រុមហ៊ុន​ ​ឬ ​ទីណា​នោះ​ទេ​​ ​​វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ ​ព្រោះ​​អ្នក​ដឹកនាំ​​គឺ​ទាមទារ​ចំណុច​លេច​ធ្លោ​ច្រើន​ណាស់​ ​​ដើម្បី​អាច​កាន់​ការងារ​ ​និង ដឹកនាំ​អ្នកដទៃ​ឲ្យ​ដើរ​លើ​ផ្លូវ​វិជ្ជមាន​បាន​។​
ដូច្នេះ​ហើយ​ប្រសិនបើ​​ ​​ចង់​ក្លាយ​ជា​​​អ្នកដឹកនាំ​គេ​ ​គឺ​​អ្នក​ត្រូវ​តែ​លះបង់​ ​ឬ លុបបំបាត់​ចោល​ចំណុច​អវិជ្ជមាន​ទាំង​នេះ​សិន​៖

១) ​ភាព​ភ័យ​ខ្លាច​៖ ​អ្នក​នឹង​មិន​អាច​ក្លាយ​ជា​ ​មនុស្ស​ដែល​ដឹកនាំ​អ្នកដទៃ​បាន​ឡើយ​ ​ប្រសិនបើ​អ្នក​តែងតែ​មាន​ភាព​ភ័យខ្លាច​ក្នុង​ចិត្ត។ ​ភាព​ភ័យ​ខ្លាច​នេះ​​ ​​អាច​បណ្តាល​ឲ្យ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ ​និង ​ខ្លួន​អ្នក​ផ្ទាល់​​ប៉ុន្តែ​​បញ្ហា​ធំ​ដែល​បង្ក​ឲ្យ​អ្នក​មាន​ភាព​ភ័យ​ខ្លាច​​ខ្លាំង​នោះ ​គឺ​​ដោយសារតែ​មិន​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង។​ដូច្នេះ​​ហើយ​​អ្នក​ត្រូវ​ជម្រុះ​ភាព​ភ័យខ្លាច​ចេញ​ ​ប្រសិនបើ​ចង់​ក្លាយ​ជា​អ្នក​ឈរ​នៅ​ជួរមុខ​គេ​ក្នុង​ស្ថាប័ន​ណាមួយ​ ​តាមរយៈ​​ព្យាយាម​បង្កើន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ជាប្រចាំ​។

២) ​ការសម្រេច​ចិត្ត​មិន​ច្បាស់លាស់​៖ ​បើ​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​និង ​ជា​អ្នក​ដឹកនាំ​គំរូ​នោះ ​អ្នក​មិន​អាច​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ឡើយ​ ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បុគ្គលិក​ក្រោម​បង្គាប់​ ​មិន​គោរព​អ្នក​។​ ​ដូច្នេះ​ហើយ ​មុន​នឹង​សម្រេច​ចិត្ត​ត្រូវ​គិត​ឲ្យ​ច្បាស់​ ​ហើយ​បើ​សម្រេច​ចិត្ត​ហើយ​ ​គឺ​ត្រូវ​តែ​ធ្វើ​ដើម្បី​បង្ហាញ​ថា ​​អ្នក​មាន​ភាព​ច្បាស់លាស់​លើ​ខ្លួន​ឯង​កម្រិត​ណា​។

៣)​​ និយាយ​ឥតប្រយោជន៍​៖ ​ក្លាយ​ទៅ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​ដឹកនាំ​គេ​ ​មិន​មែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​ចេះ​និយាយ​ឲ្យ​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​​ ​គឺ​រាល់ពេល​និយាយ​ត្រូវ​តែ​មាន​​ខ្លឹមសារ​ ​និង ​​មាន​ប្រយោជន៍​សម្រាប់​អ្នក​ស្តាប់ ​​ជា​ពិសេស​បុគ្គលិក​ក្រោម​បង្គាប់​។ ​ប្រសិន​បើ​អ្នក ​ពូកែ​តែ​ខាង​និយាយ​ច្រើន ​​តែ​អត់​ប្រយោជន៍​នោះ ​គឺ​គ្មាន​នរណា​ម្នាក់​ចង់​ស្តាប់​នោះ​ឡើយ​។

៤) ​អួតអាង​៖ ​បើ​កាន់​ការងារ​ខ្ពស់​ ​គឺ​ត្រូវ​ដាក់ខ្លួន​ឲ្យ​កាន់​តែ​ទាប​ ​ព្រោះ​ថា​ការ​អួត​ក្អេងក្អាង​ហួស​ពី​សមត្ថភាព​ពិត​របស់​ខ្លួន​ ​គឺ​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ទូទៅ​ចូលចិត្ត​នោះ​ឡើយ​។ ​ដូច្នេះ​​ហើយ​ ​​អ្នក​មិន​ត្រូវ​អូត​ខ្លួន​ថា ជា​មនុស្ស​អស្ចារ្យ​អ្វី​នោះ​ឡើយ​ ​ព្រោះ​សម្ដី​​អ្នក​គ្មាន​ន័យ​អ្វី​ទាំង​អស់​​ ​បើ​សកម្មភាព​របស់​អ្នក​​មិនអាច​ឆ្លុះ​បញ្ចាំង​បាន​។​

៥) ​គ្មាន​ទំនួលខុសត្រូវ​៖ ​​បើ​និយាយ​អំពី​ ​​លំដាប់​នៃ​តំណែង​ ​ឬ តួនាទី​​វិញ​​​ ​បើ​កាន់​តែ​ខ្ពស់​ ​គឺ​ត្រូវ​មាន​ទំនួល​​ខុសត្រូវ​កាន់តែ​ខ្ពស់​ដែរ។​ ​មានន័យ​ថា ​បើ​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​​ ​ឬ ដឹកនាំ​​គឺ​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​​ជា​ដាច់ខាត​ ​ព្រោះ​បើ​អ្នក​គ្មាន​ទំនួល​ខុសត្រូវ​ ​ឬ​ ​អាច​និយាយ​បាន​ថា​ ​ទទួល​តែ​​«​ត្រូវ​»​ ​តែ​មិន​ទទួល​ខុស​នោះ​ ​គឺ​នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​ទាំង​មូល​ជួប​បញ្ហា​ជាច្រើន​ ​ជា​ពិសេស​បុគ្គលិក​នៅ​ក្រោម​បង្គាប់​តែ​ម្តង​។​ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ជម្រុះ​​ទម្លាប់​មិន​ទទួល​ខុស​ត្រូវ​​ចេញ​ឲ្យ​បាន​លឿន​បំផុត​​។

៦) ​ភាព​ឆេវឆាវ​៖ ​​ការ​ឆេវឆាវ​ ​គឺ​ជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ​ ​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​ ​ដើម្បី​សម្រេច​គោល​ដៅ​ដោយ​មាន​ប្រសិទ្ធភាព។ ​សម្រាប់​​​​​ថ្នាក់ដឹកនាំ ​ឬ​ ​គ្រប់គ្រង​​ ​ដែល​មាន​ចារិត​ឆេវឆាវ​នោះ​ ​នឹង​​ធ្វើ​ឲ្យ​បុគ្គលិក​ក្រោម​បង្គាប់​ ​មាន​អារម្មណ៍​ថា​ទទួល​រង​សម្ពាធ​ខ្លាំង​មែនទែន​ ​​ហើយ​បុគ្គលិក​ទាំង​នោះ នឹង​សម្រេច​ចិត្ត​ចាក់ចេញ​ប្រសិនបើ​មាន​ឱកាស​ ​ព្រោះ​មិន​អាច​រស់នៅ​ក្នុង​ស្ថានភាព​ចាំ​មើល​តែ​ទឹកមុខ​គេ​បែបនេះ​ឡើយ​៕

សម្រួលដោយ៖ ឡៃហ៊ាង