Apple នឹងបញ្ឈប់ការផលិត iPhone X ជំនាន់ទីមួយជាជាងការបញ្ចុះតម្លៃលក់ទាបជាង ៩៩៩ ដុល្លារ បន្ទាប់ពី iPhone X ជំនាន់ទីពីរបង្ហាញខ្លួននៅអំឡុងចុងឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគភ្នែកទិព្វ Ming Chi Kuo។
ក្នុងអត្ថបទស្រាវជ្រាវដែលចេញផ្សាយថ្ងៃនេះ លោក Kuo បាននិយាយថា ៖ "ការទម្លាក់តម្លៃ iPhone X បន្ទាប់ពី iPhone ជំនាន់ថ្មីបង្ហាញខ្លួន អាចផ្ដល់ផលអវិជ្ជមានដល់គុណតម្លៃផលិតផលជំនាន់ថ្មី។ បន្ថែមពីនេះការលក់ iPhone X ក្នុងតម្លៃទាប អាចជះផលអវិជ្ជមានដល់ការលក់ iPhone ជំនាន់ថ្មីដែលមានប្រើអេក្រង់ LCD ទំហំ ៦,១ អ៊ីញ។ ដូចនេះយើងប៉ាន់ស្មានថា iPhone X នឹងអស់ជីវិតនៅអំឡុងពាក់កណ្ដាលឆ្នាំ ២០១៨”។
ប្រសិនបើការប៉ាន់ស្មាននេះត្រឹមត្រូវពិតមែន ត្រកូល iPhone សម្រាប់លក់នៅអំឡុងចុងឆ្នាំ ២០១៨ នឹងមាន iPhone X ជំនាន់ទីពីរអេក្រង់ ៥,៨ អ៊ីញ ដែលទំនងជាមានតម្លៃ ៩៩៩ ដុល្លារដដែល, iPhone X អេក្រង់ ៦,៥ អ៊ីញដែលគេឲ្យឈ្មោះថា iPhone X Plus និង iPhone ប្រើអេក្រង់ LCD ទំហំ ៦,១ អ៊ីញ។ នៅក្រោមម៉ូដែលទាំងនេះ អាចនឹងមាន iPhone 8, iPhone 7 និង iPhone SE។
គួរដឹងថាកន្លងមកលោក Ming-Chi Kuo បានលើកឡើងថានៅឆ្នាំ ២០១៨ Apple នឹងប្រកាសចេញ iPhone ថ្មីៗចំនួន ៣ រួមមាន iPhone X ជំនាន់ទីពីរដែលមានពីរប្រភេទ និង iPhone ធម្មតាដែលនៅតែបន្តប្រើអេក្រង់ LCD៕
ប្រភព៖ macrumors ប្រែសម្រួល៖ ឡៃហ៊ាង
