Apple បានចេញផ្សាយកាលពីម្សិលមិញថាប្រព័ន្ធប្រតិបត្តិការ iOS 11 មានដំឡើងលើឧបករណ៍ iDevice (iPhone, iPad ឬ iPod) សរុបចំនួន ៦៥%។
តួលេខនេះមានកម្រិតទាប ប្រសិនបើប្រៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែល iOS 10 មានដំឡើងលើឧបករណ៍ iDevice ចំនួន ៧៦% ឯណោះ។ ក្នុងនោះ Apple ក៏ឲ្យដឹងដែរថាមាន ២៨% នៃ iDevice សរុបកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 10 នាពេលបច្ចុប្បន្ននេះ។
ចំនួនឧបករណ៍ប្រើប្រាស់ iOS 11 អាចនឹងកើនឡើង នៅពេលដែល Apple បញ្ចេញកំណែទម្រង់អនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ល្បឿន iPhone ឲ្យដើរលឿន ឬ យឺត។
ត្បិតថាចំនួនឧបករណ៍ដំឡើងទៅកាន់ iOS 11 មាន % តិចជាង iOS 10 ប៉ុន្តែបើប្រៀបធៀបនឹងចំនួនឧបករណ៍ដំឡើងប្រព័ន្ធប្រតិបត្តិការ Android Oreo ដែលជាជំនាន់ចុងក្រោយបង្អស់ ឃើញថា iOS មានភាពប្រសើរជាង។
Android Oreo បញ្ចេញឲ្យប្រើប្រាស់អំឡុងចុងឆ្នាំមុន ដោយមានដំឡើងលើឧបករណ៍ Android ត្រឹម ០,៧% ប៉ុណ្ណោះ។ គិតជារួម ប្រព័ន្ធប្រតិបត្តិការ Android បីជំនាន់បូកបញ្ចូលគ្នាក៏នៅមានចំនួនដំឡើងតិចជាង iOS 11 ពោលមានត្រឹមប្រមាណ ៥៦% ប៉ុណ្ណោះ៕
ប្រភព៖ 9to5Mac ប្រែសម្រួល៖ ឡៃហ៊ាង
