លោកស្រី មូរ សុខហួរថាសមាជិកសភាអាមេរិកពិភាក្សាពីការបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោកស្រី មូរ សុខហួរថាសមាជិកសភាអាមេរិកពិភាក្សាពីការបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីកម្ពុជា

08/01/2018
សមាជិកសភានៃសហរដ្ឋអាមេរិក និងជាប្រធានគណៈកម្មការកិច្ចការបរទេស លោក Ed Royce បានជួបជាមួយមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ នៅវត្តសាមគ្គី ក្នុងទីក្រុង Long Beach រដ្ឋ California កាលពីថ្ងៃទី៥ មករា ២០១៨។                                 

 បើតាម លោកស្រី មូរ សុខហួរអនុប្រធាន អតីតគណបក្សសង្រ្គោះជាតិ នៅក្នុងជំនួបនេះ គឺមានចំណុចសំខាន់ចំនួន៣ ត្រូវបានលើកមកពិភាក្សា ដែលជាការវិវដ្តថ្មីចុងក្រោយនៃការតស៊ូមតិរបស់ក្រុមតំណាងរាស្ត្រអតីតគណបក្សប្រឆាំងដ៍ធំជាងគេនៅកម្ពុជានេះ ក្នុងការរកអន្តរាគមន៍ពីសហរដ្ឋអាមេរិក។                             
  
 ចំណុចសំខាន់ៗចំនួន៣ដែលត្រូវបានលើកយកមកពិភាក្សាបន្តនោះគឺ៖ ទី១ការបង្កកទ្រព្យសម្បត្តិរបស់អ្នកកាន់អំណាចដែលបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរទៅលើលទ្ធិប្រជាធិបតេយ្យអំពើពុករលួយ និងការរំលាភសិទ្ធិមនុស្សនៅកម្ពុជា។                                   

ទី២ គឺការមិនផ្តល់ទិដ្ឋាការដល់ជនទាំងនោះឲ្យចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។                                    ចំណុចចុងក្រោយគឺជំហររបស់សហរដ្ឋអាមេរិកដែលនៅតែទាមទារឲ្យដោះលែងលោក កឹម សុខា និងជំរុញការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ក្នុងឆ្នាំនេះ។                                 

 នេះបើតាមទំព័រហ្វេសប៊ុករបស់ លោកស្រី មូរ សុខហួរ។ គួរកត់សម្គាល់ថា ការពិភាក្សារវាងលោក Ed Royce និងមន្ដ្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំង គឺជាការវិវដ្តថ្មីចុងក្រោយ បន្ទាប់ពីក្រុមមន្រ្តីនៃអតីតគណបក្សនេះ ស្វះស្វែងរកអន្តរាគមន៍ពីសភាអាមេរិកឲ្យដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ។         
                        
កាលណោះសមាជិកសភាអាមេរិក តម្រូវឲ្យក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ ជួយរៀបចំបញ្ជីឈ្មោះជនទាំងឡាយដែលគេចាត់ទុកថា ជាអ្នកពាក់ព័ន្ធនឹងការរំលាយគណបក្សប្រឆាំង ការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើពុករលួយ ដើម្បីឈានទៅបង្កកទ្រព្យសម្បត្តិរបស់ពួកគេ និងហាមមិនឲ្យជាន់ទឹកដីអាមេរិក។           
                    
កាលពីពាក់កណ្តាលខែមុន នៅក្នុងការសួរដេញដោលមួយ ដែលដឹកនាំដោយសមាជិកសភាម្នាក់គឺលោក Ted Yoho នៃគណបក្សសាធារណៈរដ្ឋ ក៏បានពិភាក្សានិងពិនិត្យមើលទណ្ឌកម្មធ្ងន់ធ្ងរថែមទៀតចំពោះរដ្ឋាភិបាលកម្ពុជា ដោយគិតគូរដល់ការប្រមូលបញ្ជីឈ្មោះបុគ្គល បញ្ជីឈ្មោះក្រុមហ៊ុន ដើម្បីបង្កកទ្រព្យសម្បត្តិ និងការពិចារណារឿងកូតានាំចូលសម្លៀកបំពាក់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកជាដើម។                                 

ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានអះអាងថា សភាអាមេរិក និងសភាអឺរ៉ុប មិនអាចរុញឲ្យរដ្ឋាភិបាលរបស់ខ្លួនដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាបានទេ។
                                 
 លោកថែមទាំងបានជំរុញបន្ថែមទៀត ឲ្យរឹបអូសទ្រព្យសម្បត្តិរបស់មន្រ្តីរដ្ឋាភិបាលរបស់លោក ប្រសិនបើពួកគេមានលុយរក្សាទុកនៅធនាគារក្រៅប្រទេសមែននោះ។                                 

កាលពីចុងខែធ្នូ លោកប្រធានាធិបតីអាមេរិក Donald Trump ក៏បានចេញបទបញ្ជានីតិប្រតិបត្តិមួយដែលមានឈ្មោះថា ច្បាប់និងយុត្តិធម៌ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬជាប់ទាក់ទងនឹងអំពើពុករលួយ។                                 

 ទោះបីប្រទេសកម្ពុជាមិនទាន់ស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធនេះក៏ដោយ ប៉ុន្តែមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ បានទាញភ្ជាប់បទបញ្ជារបស់លោក Donald Trump នេះថា ជាដំណើរការមួយទៅកំណត់ “បញ្ជីខ្មៅ” ដែលកំពុងស្ថិតក្នុងដំណើរការរៀបចំដោយអនុគណៈកម្មការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ចំពោះបញ្ហាកម្ពុជា៕អត្ថបទ ទេព វណ្ណះ