ដួង ម៉ានិច គឺជាតួសម្ដែងស្រី១រូបដែលនិយមលេងខ្លួនសិចស៊ីជាមួយរាងកាយដ៏ស្រឡូនរបស់នាង។ ក្រៅស្ទីលប្រភេទនេះ តារាស្រីខាងលើ ក៏មានជំនាញមិនអន់ដែរខាងផ្នែកបុរាណពិសេសគឺរបាំ ដោយនាងធ្លាប់បង្ហាញម្ដងហើយក្នុងបទ "នារីសក់ខ្លី" របស់ ប្រុសឡា។
យប់មិញនេះ ដួង ម៉ានិច បានបង្ហាញខ្លួនក្នុងពិធីបុណ្យបែបសាសនា១មានឈ្មោះថា "បុណ្យកតញ្ញូ មហាបុព្វវីរបុរសខ្មែរ" ដែលរៀបចំឡើងដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធបរមគ្រូ ព្រះមហាអាទិទេព ទេវៈ រាជវង្សភុជង្គនាគ និងបុព្វបុរសខ្មែរ ព្រមទាំងមហាក្សត្រខ្មែរផ្សេងៗទៀតគ្រប់ជំនាន់ និងសម័យកាល នៅវត្តព្រះធាតុ។
ជាមួយគ្នានោះ ម៉ានិច និងសិល្បករ សិល្បការិនី១ក្រុម រាំក្បាច់ពត់ពែនយ៉ាងល្វន់ល្វៃ ដើម្បីជាកិច្ចថ្វាយដល់ "ព្រះមាតានាគ ឬ ព្រះម៉ែនាគី"។ ក្នុងកម្មវិធីដដែល គេសង្កេតឃើញតារាស្រីវ័យជ្រេ សម្រស់បាន លី ម៉ារីណា បានតុបតែខ្លួនជា "ម៉ែនាគី" ដែលមើលទៅពិតសមសួនឥតខ្ចោះតែម្ដង៕
