ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ១គ្រឿងជិះគ្នា២នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបញ្ច្រាសទិស ជ្រុលបុកចំពីមុខ បណ្តាលឲ្យអ្នកបើករបួសធ្ងន់ និងម្នាក់ទៀតអង្គុយក្រោយរបួសស្រាល។ ចំណែករថយន្តបង្ក បើករត់គេចដោយសុវត្ថិភាព។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៨ និង២០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះទី១-ឈ្មោះ នួន សូវៀត ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកបើកបរ រស់នៅភូមិទួលច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាកហុងដា CBR150 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CR-8078។ ទី២-ឈ្មោះ សៀក ហាក់ភេទ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិច្រកស្តេច ឃុំពាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ ប្រាប់នគរបាលថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូដឹកគ្នាទិសដៅពីលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុ មានរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបញ្ច្រាសទិសពីកើតទៅលិច បើកវ៉ាយានយន្តដទៃ ស្រាប់តែជ្រុលចង្កូតបុកម៉ូតូចំពីមុខពេញទំហឹងដួលម៉ូតូអូសនឹងថ្នល់ជាច្រើនម៉ែត្រ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ និងអ្នកជិះពីក្រោយរងរបួសស្រាល។ ដោយឡែករថយន្តបង្ក បានបើកគេចទៅទិសខាងលិចដោយសុវត្ថិភាព។ ក្រោយកើតហេតុ នគរបាលចរាចរណ៍ បានមកដល់កន្លែងកើតហេតុ ប្រញាប់បញ្ជូនអ្នករបួសធ្ងន់ទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្ត។ បច្ចុប្បន្នសមត្ថកិច្ចបានដកហូតម៉ូតូ ដែលខូចខាតធ្ងន់មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ទុកប្រគល់ជូនជនរងគ្រោះវិញ។