កំពូល​កីឡាករ​​ឆ្នើម​១០​រូប មិន​ដែល​ស្គាល់​រសជាតិ​ពាន Ballon d'Or - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កំពូល​កីឡាករ​​ឆ្នើម​១០​រូប មិន​ដែល​ស្គាល់​រសជាតិ​ពាន Ballon d'Or

10/12/2017
Ronaldo តាម​ទាន់​កំណត់ត្រា​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ​Ballon d'Or ៥​ដង​ដូច Messi ហើយ ប៉ុន្តែ​​អភ័ព្ទ​សម្រាប់​កីឡាករ​ល្អៗ​ដទៃ​ជា​ច្រើន​​ទៀត​​​ ដែល​​លេង​បាល់​ក្នុង​ជំនាន់​​អធិរាជ​បាល់ទាត់​ទាំង​២​នេះ។ មួយ​ទសវត្ស​ចុង​ក្រោយ​នេះ មិន​មាន​កីឡាករ​ណា​បាន​ពាន​នេះ​ឡើយ​ក្រៅ​ពី​កីឡាករ​វ័យ​៣២​ឆ្នាំ សញ្ជាតិ​ព័រទុយហ្គាល់ និង កីឡាករ​​វ័យ​៣០​ឆ្នាំ សញ្ជាតិ​អាហ្សង់ទីន។

ខាង​ក្រោម​នេះ​គឺ​ជា​កំពូល​កីឡាករ​ល្អៗ​១០​រូប មិន​ដែល​ស្គាល់​រសជាតិ​ឈ្នះ​ពាន Ballon d'Or

១០ Frank Lampard


Frank Lampard ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អតីត​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់​របស់​ក្រុម​តោខៀវ​ និង ខ្សែ​បម្រើ​ជម្រើស​អង់គ្លេស។ កីឡាករ​រូប​នេះ​​បាន​ជួយ Chelsea ឈ្នះ​ពាន​សំខាន់ៗ​ចំនួន ១៣។ Lampard ក៏​ជា​ផ្នែក​មួយ​នៃ "យុគសម័យមាស" របស់​អង់គ្លេស​រួម​ជាមួយ​កីឡាករ Paul Scholes, Steven Gerrard, David Bakham, Michael Owen និង Wayne Rooney ជា​ដើម។

អតីត​​ជម្រើស​អង់គ្លេស​បាន​ត្រឹម​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ការ​ប្រកួត​ប្រជែង​ពាន Ballon d'Or តាម​ពី​ក្រោយ Ronaldinho កាល​ពី​ឆ្នាំ ២០០៥។

៩ Zlatan Ibrahimovic


​​Ibrahimovic បាន​ឈាន​ដល់​វ័យ​៣៦​ឆ្នាំ​ហើយ ប៉ុន្តែ​ការ​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន​មិន​ថមថយ​ទៅ​តាម​អាយុ​នោះ​ទេ។ រដូវ​កាល​មុន ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត បាន​ជួយ​ក្រុម​បិសាច​ក្រហម​ឲ្យ​ឈ្នះ​ពាន​៣។ បច្ចុប្បន្ន​កីឡាករ​កំពស់​១,៩៥ ម៉ែត្រ ស៊ុត​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ក្រុម​ជម្រើសជាតិ​ស៊ុយអ៊ែត និង ក្លឹប​ចាស់​របស់​ខ្លួន Paris Saint-Germain ដែល​រក​បាន​ ១៥៦ គ្រាប់។

Ibrahimovic មិន​ដែល​បាន​ជាប់​​ចំណាត់​ថ្នាក់​​សូម្បី top 3 លើ​តារាង​​ពាន Ballon d'Or ។ កាល​ពី​ឆ្នាំ ២០១៣ កីឡាករ​និយម​សក់​កំប៉ោយ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤ ពី​ក្រោយ​កីឡាករ Cristiano Ronaldo, Lionel Messi និង Franck Ribery ។

៨ Thierry Henry


Henry ជា​និមិត្តរូប​របស់​ក្លឹប Arsenal ។ អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង ធ្លាប់​ជួយ Arsenal មិន​ដែល​ស្គាល់​ពាក្យ​ចាញ់​សោះ​នៅ Premier League រដូវ​កាល ២០០៣-០៤។ Henry ដែល​បច្ចុប្បន្ន​ជា​ជំនួយការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក បាន​ត្រឹម​ជាប់​លេខ​៣ សម្រាប់​ពាន Ballon d'Or កាល​ពី​ឆ្នាំ ២០០៦។

៧ Arjen Robben


ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ហូឡង់ ជួយ​ឲ្យ​ក្លឹប​យក្ស​នៅ​អាឡឺម៉ង់ Bayern Munich ឈ្នះ​ពាន Bundesliga ៦​លើក ពានDFB Pokal ៤​លើក និង Champions League ១​លើក។ កីឡាករ​កំពូល​ល្បឿន បាន​ត្រឹម​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៤ សម្រាប់​ពាន Ballon d'Or កាល​ពី​ឆ្នាំ ២០១៤។

៦ Xavi


Xavi Hernandezបាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ក្រុម​អេស្ប៉ាញ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Euro 2008, World Cup 2010 និង Euro 2012។ Xavi បាន​​ត្រឹម​​​ជិតៗ​ឈ្នះ​ពាន Ballon d'Or ជា​ច្រើន​លើក​ច្រើន​សារ​ដោយ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៣ ក្នុងឆ្នាំ ២០០៩ ឆ្នាំ ២០១០ និង ២០១១។

៥ Gianluigi Buffon


Ballon d'Or តែង​លំអៀង​ទៅ​រក​ខ្សែប្រយុទ្ធ ហើយ​សូម្បី​ខ្សែការពារ​ក៏​ទំនង​ជា​មាន​ឱកាស​ជាង​អ្នកចាំទី​ដែរ។ មាន​តែ​អ្នក​ចាំទី​របស់​រុស្ស៊ី ​Lev Yashinម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ពាន​នេះ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦៣​ មក។

អ្នកចាំទី​សញ្ជាតិ​អ៊ីតាលី Buffon វិះ​នឹង​បាន​ពាន Ballon d'Or កាល​ពី​ឆ្នាំ ២០០៦ ដោយ​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ ២។

៤ Ryan Giggs


Giggs បាន​ចូលរួម​ជាមួយ Man United នៅ​អាយុ ១៤ ឆ្នាំ​​កាល​ពី​ឆ្នាំ ១៩៨៧ និង បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុមបិសាច​ក្រហម​ចំនួន ៩៥០ ប្រកួត។ ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន Premier League ចំនួន​១៣​លើក FA Cup ៤​លើក និង Champions League ២​លើក។ កីឡាករ​សញ្ជាតិ​វែល​រូប​នេះ​ស៊ុត​បាន ១៦៨ គ្រាប់។ Giggs មិន​ដែល​ជាប់​សូម្បី top 3 ក្នុង​បញ្ជី​របស់​​ពាន Ballon d'Or។

៣ Philipp Lahm


កីឡាករ Philipp Lahm ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ខ្សែការពារ​ដ៏​ល្អ​បំផុត​មួយ​នៃ​ជំនាន់​របស់​គាត់។ Lahm បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​រង្វាន់ Bundesliga ចំនួន​​៨​លើក ពាន​DFB Pokals ៦​លើក និង Champions League ១​លើក​ជាមួយក្លិប Bayern Munich ដែល​បាន​បង្ហាញ​ខ្លួន​ជាង ៦០០ ប្រកួត​សម្រាប់​ក្លិប​នេះ។

ខ្សែការពារ​កំពស់​១,៧០ ម៉ែត្រ​សញ្ជាតិ​អាឡឺម៉ង់ បាន​បញ្ចប់​​ត្រឹម​​ចំណាត់​ថ្នាក់​លេខ ៦ សម្រាប់​ពាន Ballon d'Or កាល​ពី​ឆ្នាំ​ ២០១៤។

២ Paolo Maldini


Paolo Maldini គឺ​ជា​កីឡាករ​ដែល​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ក្លិប AC Milan និង ខ្សែ​ការពារ​​ជម្រើស​ជាតិ​អ៊ីតាលី។ លោក​បាន​ជាប់​លេខ ២១ ក្នុង​បញ្ជី​កីឡាករ​ដ៏​ល្អ​បំផុត​របស់​ពិភពលោក​កាល​ពី​សតវត្ស​ទី ២០ ។

Paolo Maldini ដែល​បច្ចុប្បន្ន​មាន​វ័យ​៤៩​ឆ្នាំ បាន​លេង​ឲ្យ​ក្លិប AC Milan ២៥​រដូវ​កាល។ លោក​ធ្លាប់​លេង​នៅ World Cup ចំនួន ៤​ដង និង UEFA European Championships ៣​ដង។ គាត់​​បាន​ត្រឹម​ជិត​ឈ្នះ​ពាន Ballon d'Or ២​ដង ដោយ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ឆ្នាំ ១៩៩៤ និង ២០០៣ ។

១ Andres Iniesta


Andres Iniesta ស៊ុត​១​គ្រាប់​ជួយ​ឲ្យ​អេស្ប៉ាញ​លើក​ពាន World Cup កាល​ពី​ឆ្នាំ​២០១០។ កីឡាករ​ដែល​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់​ទាត់​អេស្ប៉ាញ​រូប​នេះ បង្ហាញ​ខ្លួន​ឲ្យ Barcelona ចំនួន​ ៦៥០​ប្រកួត។ កីឡាករ​​កំពស់​១,៧១ ម៉ែត្រ បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២ សម្រាប់​ពាន Ballon d'Or កាល​ពី​ឆ្នាំ​២០១០។