អគ្គលេខាធិការរង អង្គការ សហប្រជាជាតិ ទៅ កូរ៉េ ខាង ជើង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគ្គលេខាធិការរង អង្គការ សហប្រជាជាតិ ទៅ កូរ៉េ ខាង ជើង

07/12/2017
លោកអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ បានទៅដល់ទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង នៅថ្ងៃអង្គារទី ៥ ធ្នូនេះ ដើម្បីជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង ព្រមទាំងបុគ្គលិកអន្តរជាតិ របស់អង្គការសហប្រជាជាតិ ជាច្រើននាក់ទៀត ដែលកំពុងធ្វើការ លើគំរោងនានា របស់អង្គការសហប្រជាជាតិ។ ទោះយ៉ាងណា គឺមិនអាចដឹងបានទេ ថាលោកអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ មានគំរោង ទៅជួបជាមួយនឹង លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នោះទេ។

ចេញពីក្រុងប៉េកាំង នៅព្រឹកម៉ោង៥ទៀបភ្លឺ ព្រឹកថ្ងៃអង្គារទី ៥ធ្នូនេះ លោក Jeffrey Feltman អគ្គលេខាធិការ រងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការនយោបាយ បានទៅដល់ទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង ហើយ។ ដំណើរទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ រយៈពេល៤ថ្ងៃ នៅកូរ៉េខាងជើងនេះ គឺជារឿងដ៏កម្រណាស់។

លោក Stéphane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងថា លោកអគ្គលេខាធិការរង និងជួបនិយាយគ្នា ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងជាច្រើនរូប ស្តីពីបញ្ហាធំៗ ដែលអង្គការសហប្រជាជាតិមានការព្រួយបារម្ភ។ ក្រៅពីនេះ លោកអគ្គលេខាធិការរង នឹងជួបបុគ្គលិករបស់អង្គការអន្តរជាតិជាច្រើន ដែល ស្ថិតក្នុងក្របខណ្ឌ របស់អង្គការសហប្រជាជាតិ។

បច្ចុប្បន្នមានអង្គការអន្តរជាតិធំៗ ចំនួន៦ ដែលកំពុងអនុវត្តគំរោងមនុស្សធម៌ផ្សេងៗ មានដូចជាកម្មវិធីដើម្បីការអភិវឌ្ឍន៍ UNDP អង្គការគាំព៌ាកុមារ UNICEF អង្គការសុខភាពពិភពលោក OMS កម្មវិធីស្បៀងអាហារ PAM អង្គការស្បៀងពិភពលោក FAO និងមូលនិធិដើម្បីប្រជាជន FNP។ មានបុគ្គលិកអន្តរជាតិ ប្រមាណជាង៥០នាក់ ដែលកំពុងបំពេញការងារ នៅកូរ៉េខាងជើង។

បើតាមប្រភពពីអ្នកនាំពាក្យ ខាងលើ ដំណើរទៅដល់របស់លោកអគ្គលេខាធិការរងនេះ គឺជាការឆ្លើយតប ទៅតាមការអញ្ជើញរបស់កូរ៉េខាងជើង ដែលបានធ្វើឡើង កាលពីមហាសន្និបាទ នៅខែកញ្ញាកន្លងទៅ។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ទេ ថាលោក អគ្គលេខា ធិការរងអង្គការសហប្រជាជាតិ មានគំរោងជួបដោយផ្ទាល់ ជាមួយលោកគីម ជុងអ៊ុន ក្នុងពេលបំពេញទស្សនកិច្ច។

តែមុននឹងចេញដំណើរពីក្រុងប៉េកាំង លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានជួបពិភាក្សា ជាមួយ មន្ត្រីការទូតចិន ជាច្រើននាក់។

គួរបញ្ជាក់ការទៅដល់របស់លោក Jeffrey Feltman នៅព្យុងយ៉ាង គឺធ្វើឡើងប៉ុន្មានថ្ងៃ ក្រោយកូរ៉េខាងជើង បានបាញ់មីស៊ីលអន្តរទ្វីប មានបំពាក់ក្បាលគ្រាប់នុយក្លេអែរ។ កំដៅវិបត្តិនេះ កាន់តែឆេះឡើង បន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិក បានធ្វើសមយុទ្ធយោធា យ៉ាងធំមហិមាមួយ នៅថ្ងៃចន្ទម្សិលមិញ ដោយមានប្រើយន្តហោះចំបាំង ចំនួន២៣០គ្រឿង។ ដោយឡែក ជប៉ុនដែលដល់វេនដឹកនាំ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងតែខិតខំស្វះស្វែង បើកការប្រជុំពិសេសមួយ នៅថ្ងៃទី ១៥ធ្នូខាងមុខ ដើម្បីពិភាក្សា ពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងនេះ៕អត្ថបទដកស្រង់​ ទេព​ វណ្ណះ