ប្រទេសហុងឌូរ៉ាស់ ៖ រដ្ឋាភិបាលហុងឌូរ៉ាស់កាលពីយប់ថ្ងៃទី១ មកទី២ ធ្នូ បានចេញការប្រកាសអាសន្នដើម្បីបញ្ចប់បាតុកម្មទាំងឡាយរបស់ពួកប្រឆាំងដែលមានការកើនឡើងនៅក្នុងប្រទេសប្រឆាំងនឹងអ្វីដែលពួកគេហៅថា ការក្លែងបន្លំក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៦ វិច្ឆិកា កន្លងទៅ ។
ក្រិត្យដែលអនុម័តដោយប្រធានាធិបតីចប់អាណត្តិ លោក JUAN ORLANDO HERNANDEZ រឹតត្បិតរយៈពេល១០ថ្ងៃការដើរហើរដោយសេរីរបស់មនុស្សម្នារវាងពីម៉ោង៨យប់ដល់ម៉ោង៦ព្រឹក ។
៥ថ្ងៃក្រោយការបោះឆ្នោតប្រធានាធិបតីប្រទេសហុងឌូរ៉ាស់ នៅតែពុំទាន់កំណត់ថាតើបេក្ខជនណាជាអ្នកឈ្នះ ដោយអាជ្ញាធរបោះឆ្នោតប្រកាសពីការរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមមណ្ឌលដែលស្រែកថា មានការក្លែងបន្លំ ។ ក៏ប៉ុន្តែបាតុកម្មនានាប្រឆាំងការក្លែងបន្លំមានការកើនឡើងតាមការអំពាវនាវរបស់មេដឹកនាំប្រឆាំងសំខាន់ លោក SALVADOR NASRALLA ជាគូប្រជែងឆ្វេងនិយមរបស់ប្រធានាធិបតីចប់អាណត្តិ ។
លទ្ធផលនៃការបោះឆ្នោតប្រកាសនាថ្ងៃទី១ ធ្នូ ប្រធានាធិបតីចប់អាណត្តិទទួលបានសំឡេង៤២,៩២% នាំមុខគូប្រជែងឆ្វេងនិយមលោក SALVADOR NASRALLA អាយុ៦៩ឆ្នាំ ដែលទទួលបានសំឡេង៤១,៤២% ជាសំឡេងប្រផិតប្រផើយគ្នាបំផុត ។
នាថ្ងៃទី១ ធ្នូ អ្នកគាំទ្របេក្ខជនប្រធានាធិបតីជាពិធីករទូរទស្សន៍បានលើកគ្នាធ្វើបាតុកម្មរាំងខ្ទប់ផ្លូវនានាក្នុងប្រទេស ហើយប៉ះទង្គិចគ្នាជាមួយកងកម្លាំងប៉ូលិស ។ ការចូលប្លន់យកអីវ៉ាន់ពេលមានការប្រទូស្តរ៉ាយគ្នាក៏ត្រូវបានរាយការណ៍ដែរ ៕