ស្ត្រីមានផ្ទៃពោះ អាចប្រឈមនឹងមានជំងឺទឹកនោមផ្អែម ហើយជំងឺទឹកនោមផ្អែមប្រភេទនេះ កើតឡើងតែអំឡុងពេលមានផ្ទៃពោះប៉ុណ្ណោះ។ ជាតិស្ករក្នុងឈាមរបស់អ្នក នឹងកើនឡើងខ្ពស់។ តែ ជាតិស្ករនេះ នឹងវិលត្រឡប់មកធម្មតាវិញ ក្រោយការសម្រាល។
យ៉ាងណាក៏ដោយ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ នៅតែមានលទ្ធភាពខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ នាពេលអនាគត។
ហេតុអីជំងឺទឹកនោមផ្អែមសុខៗកើតឡើងចំពោះស្ត្រីកំពុងមានផ្ទៃពោះ?
ជំងឺទឹកនោមផ្អែម នឹងកើតមានឡើង បើសិនជារាងកាយមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ដែលជាអ័រម៉ូនជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដើម្បីបំពេញតម្រូវការបន្ថែមក្នុងពេលមានផ្ទៃពោះ។ នេះអាចនាំឱ្យទារកមានបញ្ហាធាត់លើសទម្ងន់ ( macrosomia)។ ទារកដែលមានជំងឺ macrosomia ងាយនឹងមានបញ្ហាសុខភាពដោយខ្លួនឯង រួមទាំងការខូចខាតដល់ស្មារបស់ពួកគេក្នុងពេលសម្រាលទៀតផង។
ម្យ៉ាងទៀត ទារកកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ អាចមានកម្រិតជាតិស្ករក្នុងឈាមទាប បន្ទាប់ពីសម្រាល ហើយក៏មានបញ្ហាដកដង្ហើមដែរ។ ពួកគេអាចប្រឈមនឹងជំងឺធាត់ និងទឹកនោមផ្អែមប្រភេទទី២ ពេលដែលពួកគេពេញវ័យ។ ម្តាយដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ក៏មានហានិភ័យខ្ពស់ក្នុងការកើតជំងឺលើសឈាម សម្រាលកូនមិនគ្រប់ខែ ជំងឺក្រឡាភ្លើង និងសម្រាលកូនដោយវះកាត់។
រោគសញ្ញា
ធម្មតា ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ មិនមានលេចចេញរោគសញ្ញាណាមួយជាក់លាក់នោះទេ។ ស្ត្រីមួយចំនួន អាចមានរោគសញ្ញា បើកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដូចជា ស្រេកទឹកខ្លាំង នោមញឹក មាត់ស្ងួត និងអស់កម្លាំង។ ប៉ុន្តែ រោគសញ្ញាទាំងនេះ តែងកើតមាន អំឡុងពេលមានផ្ទៃពោះ ដូច្នេះអ្នកត្រូវពិនិត្យកម្រិតជាតិស្ករក្នុងឈាម។
វិធីការពារ
ស្ត្រីដែលហាត់ប្រាណ ៤ ម៉ោងក្នុងមួយសប្តាហ៍មុន ឬអំឡុងពេលមានផ្ទៃពោះ អាចបន្ថយហានិភ័យជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះបានយ៉ាងហោចណាស់ក៏ ៧០% ដែរ។
ស្ត្រីមានផ្ទៃពោះ គួរញ៉ាំបន្លែ ផ្លែឈើ និងប្រូតេអ៊ីនបន្ថែមទៀត ហើយកាត់បន្ថយកម្រិតជាតិស្ករ និងគ្រាប់ធញ្ញជាតិផ្សេងៗ។
បើអ្នកស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់ អ្នកត្រូវធ្វើតេស្តទឹកនោមផ្អែមអំឡុងត្រីមាសទីមួយ។ បើអ្នកធ្វើតេស្ដឃើញថាមានបញ្ហានេះ រឿងសំខាន់បំផុតដែលអ្នកត្រូវធ្វើដើម្បីធានាកូនក្នុងផ្ទៃមានសុខភាពល្អ គឺត្រូវធ្វើតាមផែនការព្យាបាលរបស់ពេទ្យ ដូចជា ការរៀបចំផែនការអាហារ តាមដានកម្រិតជាតិស្ករក្នុងឈាម ហាត់ប្រាណឱ្យបានទៀងទាត់ និងពិនិត្យសុខភាពតាមការណែនាំរបស់ពេទ្យមុនពេលសម្រាល។
ប្រភព៖ Healthwise Digest

ទំព័រដើម ›