ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បើកបររថយន្តមិនប្រយ័ត្ន បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវបានសមត្ថកិច្ចប្រកាសរកសាច់ញាតិ បន្ទាប់ពីបើករថយន្តបុកពំនូកដីដែលចាក់ធ្វើផ្លូវ៥១ ។
នគរបាលស្រុកឧដុង្គ បានប្រាប់ថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ២AL-៣៧៣០ បើកពីទិសខាងជើងទៅត្បូង លើផ្លូវជាតិលេខ៥១ តែមិនដឹងថាតើបុរសរងគ្រោះមានគោលបំណងទៅណាឡើយ លុះដល់ចំណុចកើតហេតុ ស្ថិតនៅភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រថយន្តបានរេចង្កូតទៅបុកដីពំនូកដីដែលចាក់ទុកធ្វើផ្លូវ បណ្ដាលឲ្យក្រឡាប់ខ្ទាតអ្នកបើកបរចេញមកក្រៅ ហើយកិនខ្លួនឯងស្លាប់ភា្លមៗតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុដល់កន្លែង និងស្រាវជ្រាវរកសាច់ញាតិផងដែរ ជនរងគ្រោះត្រូវបានស្គាល់មានឈ្មោះ លឹម វុទ្ធី ភេទប្រុស នៅភូមិបាត់ដឹង ឃុំមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះ និងរថយន្តត្រូវបានរក្សាទុករង់ចាំបងប្អូនសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕