តើអ្នកធ្លាប់មានអាការៈបែបនេះដែរទេ? គិតថាខ្លួនឯងគេងលក់ហើយប៉ុន្តែស្រាប់តែកន្ត្រាក់ខ្លួនដូចធ្លាក់ពីលើទីខ្ពស់អ៊ីចឹង។ ចង់ដឹងទេ ថាអាការៈបែបនេះបណ្តាលមកពីអ្វី? ខាងក្រោមនេះ គឺជាការបកស្រាយពីអ្នកជំនាញ៖
តាមពិតទៅ វាមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភទេព្រោះអាការៈនេះកើតឡើងចំពោះមនុស្សទូទៅមិនថាចាស់ឬក្មេងឡើយ។ ហេតុផលទីមួយនោះគឺ ដោយសារតែប្រព័ន្ធប្រសាទរបស់អ្នក ចាប់ផ្តើមដល់ម៉ោងសម្រាក សូម្បីតែចង្វាក់បេះដូងក៏ដើរកាន់តែយឺត ហើយចំណែកសាច់ដុំក៏ផ្លាស់ប្តូរចលនាខុសពីធម្មតាដែរ ដូច្នេះទើបធ្វើឱ្យមានការកន្ត្រាក់។ ហេតុផលទីពីរគឺដោយសារតែសាច់ដុំរបស់អ្នកនៅបន្តធ្វើការ ខណៈពេលដែលខួរក្បាលបានឈប់សម្រាកទៅហើយ។ លក្ខណៈបែបនេះនឹងកើតឡើងនៅពេលដែលអ្នកមានការនឿយហត់ខ្លាំង ហើយអាចគេងលង់លក់ក្នុងរយៈពេលខ្លីបំផុត។
សម្រាប់អ្នកដែលជួបប្រទះបញ្ហានេះជាញឹកញាប់ អ្នកជំនាញបានប្រាប់ថាគួរកាត់បន្ថយទម្លាប់ផឹកភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីននៅពេលរសៀល ដូចជាកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ជាដើម។ ជាងនេះទៀត ត្រូវកាត់បន្ថយការនៅក្បែរទូរស័ព្ទឬគ្រឿងអេឡិចត្រូនិចផ្សេងៗនិងត្រូវ រៀនពីវិធីធ្វើសមាធិដើម្បីកាត់បន្ថយការតានតឹង៕
ប្រភព៖ Womenshealth
