តាមព័ត៌មានចុងក្រោយឲ្យដឹងថា Smart នឹងចាប់ផ្ដើមដាក់លក់ iPhone X នៅទីផ្សារកម្ពុជានៅថ្ងៃ ២៤ វិច្ឆិកានេះ នៅ Smart Shop របស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោក Thomas Hundt នាយកប្រតិបត្តិរបស់ Smart ។
ដោយមិនបញ្ជាក់ពីតម្លៃលក់យ៉ាងណា លោកឲ្យដឹងថា អតិថិជននឹងភ្ញាក់ផ្អើលសម្រាប់ការរង់ចាំការមកដល់ទូរសព្ទ ដែលគ្រប់គ្នាកំពុងប្រាថ្នាចង់បាននេះ។
Smart ដែលជាប្រតិបត្តិករទូរសព្ទចល័តជាដៃគូរបស់ក្រុមហ៊ុន Apple បានដាក់ឲ្យអតិថិជនអាចបញ្ជាទិញ iPhone X ពីថ្ងៃនេះ និងអាចទទួលបានទូរសព្ទត្រកូលថ្មីរបស់ Apple នៅថ្ងៃ ២៤ ដែលជាថ្ងៃចេញលក់ជាផ្លូវការតែម្តង។
ទន្ទឹម Smart ក្រុមហ៊ុន Falcon ក៏ប្រកាសពីការត្រៀមក្នុងការនាំមកលក់ iPhone X នៅទីផ្សារកម្ពុជា ក្រោយពេលដែលក្រុមហ៊ុនមួយនេះ បានប្រកាសពីការទទួលសិទ្ធិស្របច្បាប់ ក្នុងការចែកចាយផលិតផល Apple នៅក្នុងទីផ្សារកម្ពុជា។
ដោយឡែកក្រុមហ៊ុន iOne ដែលជាហាងលក់ផលិតផល Apple នៅមិនទាន់មានព័ត៌មានពីការនាំទូរសព្ទមកទីផ្សារកម្ពុជានៅឡើយទេ។
