ដោយមានការអនុញ្ញាត និងគាំទ្រពីក្រសួងទេសចរណ៍ ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹត្តិការណ៍ប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិដ៏ធំ១ដែលមានឈ្មោះថា World Miss University ឬ កញ្ញាឯកសាកលវិទ្យាល័យពិភពលោក នឹងប្រព្រឹត្តឡើងនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងក្នុងពេលឆាប់ៗខាងមុខនេះ។
កម្មវិធីនេះ គឺជាព្រឹត្តិការណ៍ជ្រើសរើសបេក្ខភាពតំណាង World Miss University Peace Corps ជាមួយនឹងតម្លៃស្នូលនៃការលើកកម្ពស់សន្តិភាពពិភពលោក តាមរយៈចលនាសន្តិភាពសម្រាប់ការរួបរួមគ្នា ដូចពាក្យស្លោក “ក្នុងពិភពលោកមួយ មនុស្សធម៌ ប្រៀបបានដូចជាបងប្អូនប្រុសស្រី” “ចលនាបរិស្ថាននៃមនុស្សធម៌ដើម្បីរស់នៅលើភពផែនដី”។
ក្នុងនោះ កម្ពុជាដែលជាម្ចាស់ផ្ទះ មិនបានព្រងើយកន្តើយឡើយ ដោយពេលនេះគណៈកម្មការរៀបចំការប្រកួត កំពុងដំណើរការកម្មវិធីប្រឡងថ្នាក់តំបន់ ជាមួយការប្រកាសបង្ហាញមុខស្រីស្អាត ២០រូប ដែលក្រុមការងារបានជ្រើសរើសយ៉ាងល្អិតល្អន់ពីគ្រប់សាកលវិទ្យាល័យ។
បេក្ខនារីទាំងនោះ បានហ្វឹកហាត់ និងប្រកួតច្រើនវិញ្ញាសារួចមកហើយ នៅចាំតែថ្ងៃប្រកាសលទ្ធផល និងបំពាក់មកុដ នាវគ្គផ្ដាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា នៅវេលាម៉ោង ៧:០០ ល្ងាច។
កុំភ្លេចទៅទស្សនាដោយផ្ទាល់ និងចូលរួមគាំទ្រដល់បេក្ខនារី ដែលប្រិយមិត្តយល់ថា ស័ក្ដិសមគ្រងតំណែងជា កញ្ញាឯកសាកលវិទ្យាល័យពិភពលោកនៃព្រះរាជាណាចក្រកម្ពុជា ២០១៧ និងជាតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ៕
