ពេលកុងត្រារបស់តារាកម្ពុជា ចាន់ វឌ្ឍនាកា នៅក្លឹបលីគទី៣ជប៉ុន Fujieda MyFC នឹងផុតនាដើមខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ព័ត៌មានជាច្រើនបានលេចចេញថា មានក្លឹបមួយចំនួននៅលីគតាមបណ្តាលប្រទេសអាស៊ានចង់បានរូបគេ ហើយក៏មានក្លឹបមួយនៅតំបន់អឺរ៉ុបចង់បានរូបគេដែរ។ ទោះជាយ៉ាងណា អ្វីៗមិនទាន់ច្បាស់នោះទេ។
កាលពីម្សិលមិញក្នុងពិធីបើកការប្រកួតលីគបាល់ទាត់យុវជនក្រោមអាយុ១៤ឆ្នាំ និង១៦ឆ្នាំ ព្រមទាំងជើងឯកនារីនៅទីរួមខេត្តកំពត ឯកឧត្តម ចាន់ ចេស្តា ឪពុករបស់ ចាន់ វឌ្ឍនាកា និងជាអភិបាលខេត្តកំពតបានឲ្យដឹងថា សម្រាប់ការទៅលេងក្លឹបជប៉ុនរបស់ ចាន់ វឌ្ឍនាកាគឺទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងក្រុមគ្រួសាររបស់លោក ក៏ដូចជាអ្នកគាំទ្រ។ ក្រោយចប់កុងត្រាខ្ចីជើងនៅជប៉ុន Fujieda MYFC លោកមិនទាន់ដឹងច្បាស់ថា កូនប្រុសរបស់លោក នឹងទៅលេងក្លឹបណានោះទេ។....តែសម្រាប់ វឌ្ឍនាកា គឺជាយុវជនរបស់ជាតិ មិនមែនសម្រាប់តែគ្រួសាររបស់លោកនោះទេ។
ឯកឧត្តមបញ្ជាក់ថា យ៉ាងណាការទទួលបានឱកាសទៅលេងក្រៅប្រទេសគឺជាឱកាសល្អមួយសម្រាប់វឌ្ឍនាកាដើម្បីអភិវឌ្ឍខ្លួន ការបង្កើនសមត្ថភាព និងបទពិសោធ។ ទាំងអស់ជាផ្នែកមួយដ៏សំខាន់ជួយដល់ជម្រើសជាតិ និងក៏អាចចែករំលែកបទពិសោធ និងចំណេះដឹងដល់យុវជនជំនាន់ក្រោយផងដែរ។
ចាន់ វឌ្ឍនាកា នឹងផុតកុងត្រាខ្ចីជើងពីក្លឹប Fujieda MYFC នាដើមខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ហើយរូបគេ នឹងត្រឡប់មកទឹកដីកំណើតវិញ៕