Antoine Griezmann មានទម្រង់លេងមិនល្អនោះទេ រដូវកាលនេះ ដោយបង្ហាញខ្លួន១០ប្រកួតរកបានតែ២គ្រាប់គត់ ឱ្យ Atletico Madrid ធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តជាខ្លាំង។
ការធ្លាក់ថ្វីជើងនេះដែរ មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ សូម្បីតែតម្លៃទិញផ្ដាច់កុងត្រារបស់គេក៏ត្រូវធ្លាក់ចុះផងដែរ។ កាលពីរដូវក្ដៅកន្លងទៅ តម្លៃទិញផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធសំខាន់ក្រុម AT Madrid ម្នាក់នេះមានតម្លៃដល់ទៅ២០០លានអឺរ៉ូឯណោះ ប៉ុន្តែគិតពេលបច្ចុប្បន្ននេះ រូបគេនៅសល់តែត្រឹម១០០លានអឺរ៉ូទេ។ នេះជាឱកាសល្អមួយសម្រាប់ក្លឹបដទៃ ដែលចង់បានកីឡាករបារាំងម្នាក់នេះហើយនៅខែមករាខាងមុខ។
ជុំវិញរឿងនេះដែរ លោក Simeone អ្នកចាត់ការក្រុម Atletico Madrid បាននិយាយដូច្នេះថា៖ “នៅក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំតែងតែគាំទ្រសមាជិកណាម្នាក់ជានិច្ច រហូតដល់ថ្ងៃស្លាប់។ ដូច្នេះខ្ញុំគាំទ្ររូបគេដូចគ្នា រហូតដល់ថ្ងៃដែលគេលែងជាសមាជិករបស់ខ្ញុំ”។
មានក្លឹប២ដែលចង់បានកីឡាករខាងលើខ្លាំង ទី១គឺក្រុមបិសាចក្រហម Manchester United តាមទិញតាំងពីរដូវក្ដៅកន្លងទៅ។ ខណៈដែលក្លឹបទី២គឺក្រុម FC Barcelona ទើបតែចាប់អារម្មណ៍ Griezmann មួយរយៈចុងក្រោយនេះទេ៕
ប្រភព៖ Dailymail
