បញ្ហា​នេះ​ហើយ អាច​ធ្វើ​ឲ្យ​ស្ត្រី​កូន​កើត​មិន​គ្រប់​ខែ មិន​គ្រប់​គីឡូ ហើយ​អាច​ស្លាប់​ទៀត​ផង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បញ្ហា​នេះ​ហើយ អាច​ធ្វើ​ឲ្យ​ស្ត្រី​កូន​កើត​មិន​គ្រប់​ខែ មិន​គ្រប់​គីឡូ ហើយ​អាច​ស្លាប់​ទៀត​ផង!

13/11/2017
មាន​បញ្ហា​ជា​ច្រើន​ កើត​ឡើង​ចំពោះ​ស្ត្រី​កំពុង​ពពោះ និង​ក្រោយ​សម្រាល។ ប៉ុន្តែ បញ្ហា​ទូទៅ​មួយ​ពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​កូន គឺ​ជំងឺ​ស្លេកស្លាំង។ មូល​ហេតុ​ចម្បង​នៃ​ជំងឺ​នេះ បណ្ដាល​មក​ពី​កង្វះ​ជាតិ​ដែក ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​ជា ២០% ទៅ ៨០% ទូទាំង​ពិភព​លោក កំពុង​ប្រឈម។

ម៉េច​បាន​ស្ត្រី​ខ្វះ​ជាតិ​ដែក ពេល​មាន​ផ្ទៃ​ពោះ​ចឹង?

អេម៉ូក្លូប៊ីន ជា​ប្រូតេអ៊ីន​ក្នុង​កោសិកា​ឈាម​ក្រហម​ដែល​បង្កើត​ឡើង​ដោយ​ជាតិ​ដែក។ វា​មាន​តួនាទី​ដឹកនាំ​អុកស៊ីហ្សែន​ទៅ​ជាលិកា​នៅ​ក្នុង​ខ្លួន​យើង។ ពេល​មាន​ផ្ទៃ​ពោះ រាង​កាយ​ត្រូវ​ការ​ជាតិ​ដែក​ច្រើន​ដើម្បី​ផលិត​ឈាម​បន្ថែម​ទៀត​សម្រាប់​ផ្គត់​ផ្គង់​អុកស៊ីហ្សែន​ដល់​កូន​ក្នុង​ផ្ទៃ។ បើ​អ្នក​គ្មាន ឬ​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់​ទេ​នោះ រាងកាយ​ក៏​ប្រហែលជា​មិន​អាច​ផលិត​ឈាម​បាន​ដែរ។ នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​ស្លេកស្លាំង។

ជំងឺ​ស្លេកស្លាំង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ដោយសារ​លក្ខខណ្ឌ​ផ្សេងៗ ដូចជា ការ​ហូរ​ឈាម​ពី​ស្បូន ឬ​សុក ក្រពះ​ពោះ​វៀន និង​ការ​បាត់បង់​ឈាម​ក្នុង​ពេល​សម្រាល​កូន។ កង្វះ​ជាតិ​ដែក អាច​ធ្វើ​ឲ្យ​ទារក​កើត​មិន​គ្រប់​ទម្ងន់ ទារក​ធំធាត់​យឺតយ៉ាវ​ក្នុង​ផ្ទៃ​ម្ដាយ កើត​មិន​គ្រប់​ខែ ហើយ​ធ្ងន់ធ្ងរ ម្ដាយ​អាច​ស្លាប់​ទៀត​ផង។
រោគ​សញ្ញា​កង្វះ​ជាតិ​ដែក ពេល​មាន​ផ្ទៃពោះ៖
- ខ្សោយ ឬ​អស់​កម្លាំង
- វិលមុខ
- ដក​ដង្ហើម​ញាប់ៗ
- ចង្វាក់​បេះដូង​លោត​ញាប់ ឬ​មិន​ទៀង​ទាត់
- ឈឺ​ទ្រូង
- ស្បែក បបូរមាត់ និង​ក្រចក ស្លេកស្លាំង
- ត្រជាក់​ចុង​ដៃ ចុង​ជើង
- ពិបាក​ផ្ចង់​ស្មារតី។
- វិធី​ការពារ

ញ៉ាំ​វីតាមីន​ជាតិ​ដែក ឬ​អាហារ​ផ្ទុក​ជាតិ​ដែក​ដែល​មាន​តុល្យភាព អាច​ទប់ស្កាត់​អ្នក​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក។ គួរ​ជៀសវាង​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ដូចជា ផលិតផល​ទឹក​ដោះ​គោ ស៊ុត​លឿង កាហ្វេ និង​តែ ពេល​ដែល​អ្នក​លេប​ថ្នាំ​ជាតិ​ដែក ព្រោះ​វា​អាច​រារាំង​មិន​ឱ្យ​រាងកាយ​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ។
ជម្រើស​ព្យាបាល​សំខាន់​សម្រាប់​ជំងឺ​ស្លេកស្លាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ថ្នាំ​គ្រាប់​ជាតិ​ដែក និង​ការ​ផ្ដល់​ថ្នាំ​ជាតិ​ដែក​តាម​សរសៃ​ឈាម។ យ៉ាង​ណា​ក៏​ដោយ អ្នក​ត្រូវ​ជួប​ពេទ្យ បើ​សង្ស័យ​ថា​មាន​ជំងឺ​ស្លេក​ស្លាំង។ កុំ​ព្យាយាម​ព្យាបាល​ដោយ​ខ្លួន​ឯង​ឲ្យ​សោះ ព្រោះ​ការ​ប្រើ​ថ្នាំ​គ្រាប់​ជាតិ​ដែក​ច្រើន​ពេក អាច​បង្ក​គ្រោះថ្នាក់​បាន​ដែរ។ ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ ដើម្បី​ដឹង​ពី​កម្រិត​ជាតិ​ដែក​ត្រឹម​ត្រូវ។


អត្ថបទ៖ Healthwise Digest