គណបក្សនយោបាយចំនួន២០ទៀតហើយ ដែលភាគច្រើនគេកម្រនឹងឮឈ្មោះ ត្រូវបានរដ្ឋាភិបាលលុបចេញពីបញ្ជីដោយថា ធ្វើឲ្យស្របទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មតាមសំណើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនកាលពីដើមឆ្នាំនេះ។ បើតាមក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៤ក៏មានគណបក្សនយោបាយ ចំនួន ២៤ ត្រូវបានលុបឈ្មោះ ចេញពីបញ្ជីផងដែរ។ក្នុងសេចក្ដីសម្រេចមួយចេញនៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាក់ថា ការលុបឈ្មោះគណបក្សនយោបាយទាំងនេះគឺធ្វើឡើងស្របតាមមាត្រា១៩ថ្មី និងមាត្រា២០នៃច្បាប់ស្តីពីគណបក្សនយោបាយ។អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ប្រាប់បន្ថែមថា ក្នុងចំណោមគណបក្សទាំង២០នេះ ខ្លះមិនបានធ្វើរបាយការណ៍ឲ្យក្រសួង ខ្លះមិនធ្វើសកម្មភាពអ្វីសោះ មេបក្សខ្លះរត់ចោលជួរ ខណៈខ្លះទៀតបាត់បង់ទីស្នាក់ការដែលមិនអនុលោមទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។ច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានក្រុមតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាធ្វើវិសោធនកម្មកាលពីថ្ងៃទី ២០ ខែកុម្ភៈ ទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ច្បាប់ថ្មីនេះបានចែងបន្ថែមថា មិនឲ្យទណ្ឌិត ធ្វើជាប្រធាន និងអនុប្រធានគណបក្សនោះឡើយ។បើតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ គិតមកដល់ចុងឆ្នាំ២០១៤ មានគណបក្ស នយោបាយ ចំនួន ៤១ ចុះឈ្មោះនៅក្រសួងនេះ។ចំណែកគណបក្សនយោបាយចំនួន២០ដែលក្រសួងមហាផ្ទៃលុបចោលនៅពេលនេះ គេនៅចាំបានថា មានគណបក្សជាតិខ្មែរ ដែលកាលពីមុនជារបស់លោក សម រង្ស៊ី គណបក្សប្រជាធិបតេយ្យសេរីព្រះពុទ្ធសាសនារបស់លោកតា សឺន សាន គណបក្សសាធារណៈរដ្ឋខ្មែរ របស់លោក លន់ រិទ្ធិ កូនប្រុស លោកសេនាប្រមុខ លន់ នល់ ។ ក្រៅពីនោះសុទ្ធសឹងជាគណបក្សដែលគេមិនសូវស្គាល់ឈ្មោះ៕អត្ថបទ ទេព វណ្ណះ