ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបន្តទៅប្រមូលផ្តុំគ្នានៅមុខពន្ធនាគារត្រពាំងផ្លុងជាថ្មីម្តងទៀង នៅព្រឹកថ្ងៃចន្ទទី២តុលានេះ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមកវិញ។ ការបង្វែទៅជួបជុំនៅមុខពន្ធនាគារជាថ្មី គឺបានធ្វើឡើងបន្ទាប់ពីយុទ្ធនាការលើកបដានៅ២៥រាជធានីខេត្ត ដើម្បីសុំឲ្យដោះលែងលោក កឹម សុខា កាលពីសប្តាហ៍មុន ត្រូវបានរំខានដោយអាជ្ញាធរ។ នេះគឺជាលើកទី៣ហើយ ដែលក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ចាប់តាំងពីក្រោយការចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា កាលពីថ្ងៃទី៣កញ្ញាមក ហើយនេះក៏ជាលើកទី៣ដែរ ដែលសំណើសុំជួបសួរសុខទុក្ខលោក កឹម សុខា នៅក្នុងពន្ធនាគារត្រូវបានច្រានចោល។ លោក គី រិទ្ធី ចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ កញ្ញា បានចេញលិខិតបដិសេធសំណើសុំជួបលោក កឹម សុខា ដោយបានលើកហេតុផលថា ការសុំជួបប្រធានគណបក្សប្រឆាំងរូបនេះ មិនអាចធ្វើទៅបានទេ ដោយសារតែសំណុំរឿងនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និងប្រមូលភស្តុតាងរបស់តុលាការ លើកលែងតែមេធាវី និងក្រុមគ្រួសាររបស់ជនត្រូវចោទតែប៉ុណ្ណោះ។ទោះជាយ៉ាងនេះក្តី ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សួន រីដា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ នៅតែទៅប្រមូលផ្តុំគ្នានៅមុខពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃនេះ ដើម្បីលើកទឹកចិត្តដល់លោក កឹម សុខា បើទោះបីជាមិនបានជួបដោយផ្ទាល់ក្តី។ មិនតែប៉ុណ្ណោះ ការជួបជុំនេះ ក៏ជាឱកាសសំដែងមតិ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ផងដែរ។ ការជួបជុំរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៅថ្ងៃនេះ ធ្វើឡើងមិនបានប៉ុន្មាននាទីផង ក៏ត្រូវបានរំសាយទៅវិញ ដោយមិនមានការប៉ះទង្គិចជាមួយអាជ្ញាធរនោះទេ។គណក្សសង្គ្រោះជាតិ ដែលបានសន្យាថា នឹងធ្វើការតវ៉ានៅមុខពន្ធនាគារនៅរៀងរាល់ថ្ងៃចន្ទ ចាប់តាំងពីក្រោយការចាប់ខ្លួនលោក កឹម សុខា មក បានខកខានជួបជុំគ្នា កាលពីថ្ងៃចន្ទ័សប្តាហ៍មុន ដោយសារតែគណបក្សសង្គ្រោះជាតិបានងាកមកធ្វើយុទ្ធនាការតស៊ូមតិ ដោយលើកបដាជំនួសវិញ។ ប៉ុន្តែបដាដែលមានរូបលោក កឹម សុខា ហើយត្រូវបានគណបក្សសង្គ្រោះជាតិចងព្យួរនៅមុខទីស្នាក់ការគណបក្សនៅទូទាំង២៥រាជធានីខេត្ត ដែលធ្វើឡើងមិនបានមួយថ្ងៃផងនោះ ក៏ត្រូវបានអាជ្ញាធរទាមទារឲ្យទម្លាក់ចុះវិញ ដោយអះអាងថា នោះគឺជាការចាប់ផ្តើមនៃបដិវត្តន៍ពណ៌នៅកម្ពុជា ខណៈដែលមន្ត្រីគណបក្សប្រឆាំងបានបដិសេធ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២ តុលា នេះ គឺមានរយៈពេល៣០ថ្ងៃគត់ ដែលប្រធានគណបក្សប្រឆាំងលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីបទ “ក្បត់ជាតិ។ ភ្ជាប់ជាមួយនឹងទោសទណ្ឌដ៏ធ្ងន់ធ្ងរនេះ គណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា ក៏កំពុងប្រឈមនឹងសម្ពាធថ្មីមួយទៀត ពីគណបក្សតូចៗចំនួនពីរ ដែលកំពុងត្រៀមដាក់ពាក្យប្តឹងឲ្យតុលាការរំលាយចោលគណបក្សប្រឆាំងមួយនេះ៕អត្ថបទ ទេព វណ្ណះ
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)