នៅទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក រិច ធីឡឺសុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានទំលាយឲ្យដឹងថា អាមេរិក មានបណ្តាញទំនាក់ទំនងដោយផ្ទាល់ ជាមួយនឹងកូរ៉េខាងជើង ដើម្បីឈានទៅបើកផ្លូវចរចា។ ប៉ុន្តែក្នុងថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងបញ្ជាក់ថា រហូតមកទល់ពេលនេះ ភាគីកូរ៉េខាងជើង មិនទាន់បានបង្ហាញសញ្ញា វិជ្ជមាន ថាខ្លួនចង់ចរចាឡើយ។លោក រិច ធីឡឺសុន បាននិយាយ ឲ្យដឹងថា អាមេរិកមានបណ្តាញទាក់ទងជាមួយកូរ៉េខាងជើង ដោយផ្ទាល់ ប្រមាណជា២ ទៅ ៣បណ្តាញ បើទោះបីជាគ្មានទូតជាមួយគ្នាក៏ដោយ។ តាមប្រសាសន៍លោក ធីឡឺសុន បណ្តាញសំងាត់អាមេរិក នេះកំពុងតែស្ទាបស្ទង់ទឹកចិត្តរបស់ភាគីកូរ៉េខាងជើង ចង់ដឹងថា កូរ៉េខាងជើង ចង់ចរចាឬមិនចរចា។ប៉ុន្តែស្រាប់តែប៉ុន្មានម៉ោងក្រោយមក លោក Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា រហូតមកទល់ពេលនេះ ការស្ទាបស្ទង់ទឹកចិត្តកូរ៉េខាងជើងនោះ មិនទាន់បានជាលទ្ធផលអ្វីទាំងអស់ ព្រោះថា ភាគីកូរ៉េខាងជើង មិនបានផ្តល់សញ្ញាវិជ្ជាមានណាមួយ ថាខ្លួនចង់បើកច្រកចរចាទេ។អ្នកនាំពាក្យរូបនេះ បន្ថែមថា បណ្តាញអាមេរិក បានទាក់ទងជាមួយមន្ត្រីយោធាកូរ៉េខាងជើង ដើម្បីចង់ដឹងពីចេតនា ក្នុងការចរចា គ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ ក៏ប៉ុន្តែមន្ត្រីយោធាកូរ៉េខាងជើង មិនបានឆ្លើយតបអ្វីទាំងអស់។ ក្រៅពីបណ្តាញទាក់ទងជាមួយយោធា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ក៏បានបញ្ជាក់ថា អាមេរិកនៅមានបណ្តាញទាក់ទង ដោយផ្ទាល់ ជាមួយមន្ត្រីជាន់ខ្ពស់ ក្នុងបក្សកុម្មនីស្តិរបស់កូរ៉េខាងជើងផងដែរ។គួរកត់សម្គាល់ថា ស្ថិតក្នុងបរិយាកាសដ៏តានតឹង ដែលអាចមានសង្រ្គាមផ្ទុះពិតមែននេះ សហគមអន្តរជាតិ ជាពិសេសចិន និងរុស្ស៊ី បានអំពាវនាវ ឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការនិយាយគំរាមកំញើញ ថាកំទេចកូរ៉េខាងជើងទៀត។ ចិន និងរុស្ស៊ី បានស្នើថា វិធីតែមួយគត់ ដើម្បីអូសទាញគីម ជុងអ៊ុន ឲ្យចូលតុចរចា ហើយឈានទៅផ្អាក ការបាញ់សាកល្បងមីស៊ីល និងគ្រាប់នុយក្លេអ៊ែរនោះ គឺអាមេរិក ត្រូវតែឈប់គំរាមកូរ៉េខាងជើង តាមរយៈសមយុទ្ធយោធា ដែលខ្លួនធ្វើជាមួយកូរ៉េខាងត្បូង តទៅទៀត។ប៉ុន្តែ សេតវិមានអាមេរិក ប្រកែកមិនទទួលយកគំនិតនេះទេ ហើយនៅតែចាត់ទុកថា ការប្រើកំលាំងវាយលើកូរ៉េខាងជើង នៅតែជាជំរើសមួយ ដែលគេអាចប្រើជានិច្ច។ តែយ៉ាងណា មន្ត្រីធំៗខ្លះ ក្នុងរដ្ឋាភិបាលអាមេរិក ក៏ដូចជាក្នុងបក្សសាធារណៈរដ្ឋ ជឿថា ជំរើសប្រើកំលាំង គឺជាជំរើសដ៏គ្រោះថ្នាក់បំផុត។ បើសម្រេចប្រើកំលាំង អាមេរិកត្រូវតែទទួលខុសត្រូវ លើអាយុជីវិតរបស់ប្រជាជនកូរ៉េខាងត្បូង ដែលនៅក្បែរចុងកាណុង របស់កូរ៉េខាងជើងបំផុត៕អត្ថបទដកស្រង់ ទេព វណ្ណះ
