កាលពីយប់ថ្ងៃទី២៤ ឈានចូល ២៥ តុលានេះ តារាសម្ដែង ទូច ស្រីល័ក្ខ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយផ្លូវវេងស្រេង តែបញ្ហានេះត្រូវបានដោះស្រាយរួចរាល់ក្រោយពីពិធីករ ប៉ែន ចំរុង មុខដោះស្រាយ ។
គ្រោះថ្នាក់ចរាចរណ៍ រវាងតារាស្រីមរូបនេះ ត្រូវបានគេដឹងថា កើតឡើងក្រោយពីអ្នកនាង ទូច ស្រីល័ក្ខ ចេញពីពិធីខួបកំណើតរបស់ខ្លួន ដោយបើករថយន្តស៊េរីទំនើបម៉ាក BMW បុកម៉ូតូមួយគ្រឿង ដែលជិះបញ្ច្រាសទិសគ្នា អូសប្រមាណជា ១គីឡូម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូរងគ្រោះរងរបួសដៃ និងជើង ។
ក្រោយហេតុការណ៍នេះ លោក ប៉ែន ចំរ៉ុង ដែលត្រូវបានប្រិយមិត្តដឹងថាជាមិត្តស្និទ្ធតារាស្រីកូន១ខាងលើ បានចេញមុខជួយដោះស្រាយ បញ្ចប់បញ្ហានៅកន្លែងកើតហេតុ ដោយភាគីម្ចាស់រថយន្ត ពោលគឺ អ្នកនាងទូច ស្រីល័ក្ខ បានយល់ព្រមយកជនរងគ្រោះជាម្ចាស់ម៉ូតូទៅព្យាបាល និងជួសជុលម៉ូតូឲ្យស្អាតឡើងវិញ ដោយមិនចង់វែងឆ្ងាយរំខានដល់សមត្ថកិច្ចមកដោះស្រាយ៕
