ភ្នំពេញ៖ ទាំងមន្ត្រីជាន់ខ្ពស់ក្នុងកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការ និងមហាជននានាទាំងក្នុងនិងក្រៅប្រទេស បានចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះលោក សម រង្ស៊ី ជាបន្តបន្ទាប់ក្រោយពីអតីតប្រធានគណបក្សជំទាស់មួយនេះបានធ្វើការអំពាវនាវ ដោយឲ្យសមត្ថកិច្ចនិងយោធាបែរកាណុងកាំភ្លើងផ្ដួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់របស់សម្តេចតេជោ ហ៊ុន សែននោះ។
ញត្តិដែលបានចេញជាបន្តបន្ទាប់របស់មន្ត្រីយោធា មន្ត្រីនគរបាល មន្ត្រីរាជការ តាមស្ថាប័ន ក្រសួងអាជ្ញាធរខេត្តនានារួមទាំងសមាគមនិស្សិតខ្មែរ ដែលកំពុងសិក្សានៅបរទេសផងនោះ បានលើកឡើងថា សម្តីរបស់លោក សម រង្ស៊ី ដែលបានថ្លែងតាមរយៈវីដេអូឃ្លីប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែតសហរដ្ឋអាមេរិក ដោយបានអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជានោះគឺជាទង្វើញុះញង់ក្បត់ជាតិ ដោយពួកគេមិនអាចទទួលយកបាននោះឡើយ។
ញត្តិទាំងនោះ បានបន្តទៀតថា វីដេអូឃ្លីបរបស់បុគ្គល សម រង្សីនោះ ក៏បានផ្សារភ្ជាប់ទៅនឹងការលើកឡើងរបស់បុគ្គល កឹម សុខា ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារហើយបានផ្សារភ្ជាប់មកដល់សព្វថ្ងៃដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីសារជាតិនៃក្រុមក្បត់ជាតិ ល្មោភអំណាចបង្កចលាចល មិនគិតដល់ផលប្រយោជន៍ជាតិ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងសុខសន្តិភាព របស់ប្រទេសជាតិជាដើម។
តែយ៉ាងណាក្តីមហាជនទាំងនោះ បានប្រកាសថ្កោលទោសដាច់អហង្ការជាបន្តបន្ទាប់ ចំពោះទង្វើក្បត់ជាតិរបស់បុគ្គល សម រង្ស៊ី និងបក្សពួកនិងប្ដេជ្ញាបន្តរួបរួមគ្នាថែរក្សាសុខ សន្តិភាពឲ្យបានគង់វង្សនិងរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតផងដែរ។
បើតាមញត្តិថ្កោលទោសរបស់មហាជនទាំងនោះ ក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំងនិងពេញទំហឹងដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកំចាត់បុគ្គល និងក្រុមក្បត់ជាតិបំផ្លាញសន្តិភាពនៅកម្ពុជានិងគាំទ្រយ៉ាងមុតមាំចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបច្ចុប្បន្នផងដែរ៕