ភាពយន្តប្រវត្តិសាស្ត្រខ្មែរខ្នាតធំ រឿង "ហ្លួងព្រះស្តេចកន" ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរ ក្នុងអំឡុងពេលចាក់បញ្ចាំងរយៈពេលជាង ១ខែ តាមរោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ទោះបីចំណាយពេលចាក់បញ្ចាំងយូរជាងខ្សែភាពយន្តខ្មែរដទៃទៀតក៏ដោយ "ហ្លួងព្រះស្តេចកន" នៅតែទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្តព្រមទាំងចង់តាមដានរឿងនេះម្តងទៀតផង។
ដូច្នេះ ដើម្បីបំពេញតាមសំណូមពររបស់ប្រជាជនខ្មែរ ដែលគាំទ្រខ្សែភាពយន្ត "ហ្លួងព្រះស្តេចកន" ផលិតកម្មត្រីសូល៍ភាពយន្ត បានសម្រេចចាក់បញ្ចាំងខ្សែភាពយន្តនេះឡើងវិញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលជាបុណ្យប្រពៃណីជាតិខ្មែរ។
រឿង "ហ្លួងព្រះស្តេចកន" នឹងត្រូវបញ្ចាំង ចាប់ពីថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តទៅ នៅសាលមហោស្រពចេនឡា រាជធានីភ្នំពេញតែមួយគត់។ សម្រាប់ការលក់ និងកក់សំបុត្រ នឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧ នារោងមហោស្រពចេនឡា ដែលមានទីតាំងនៅជាប់ផ្សារផ្សារដើមគរ ទីក្រុងភ្នំពេញ។ ចំណែកការចាក់បញ្ចាំង នឹងធ្វើឡើង ៤ដង ក្នុងមួយថ្ងៃៗ គឺម៉ោង ៩ព្រឹក ១២និង ៣០នាទីថ្ងៃត្រង់ ៤ល្ងាច និង ៧និង៣០ នាទីយប់៕
