Cristiano Ronaldo ទើបតែក្លាយជាម្ចាស់ពានកីឡាករបាល់ទាត់ល្អបំផុត (ផ្នែកបុរស) របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧ ក្នុងកម្មវិធី The Best FIFA Football Awards។ សម្រាប់កម្មវិធីមួយនេះ និងកម្មវិធី Ballon d'Or បានធ្វើឲ្យប្រិយមិត្តមួយចំនួនឆ្ងល់ពីលក្ខណៈខុសគ្នានៃកម្មវិធីទាំងពីរនេះយ៉ាងខ្លាំង។ ដើម្បីបំបាត់ចម្ងល់ Sabay នឹងបកស្រាយពន្យល់ឲ្យកាន់តែច្បាស់នៃកម្មវិធីទាំងពីរ៖
ដំណើរដើមទង
កាលពីមុនក្នុងបាល់ទាត់មានកម្មវិធីប្រគល់ពានសម្រាប់កីឡាករល្អប្រចាំឆ្នាំចំនួន ២ក្នុងនោះមាន Ballon d'Or (បង្កើតតាំងពីឆ្នាំ១៩៥៦ ដោយទស្សនាវដ្ដីបារាំង France Football) និង FIFA World Player of the Year (រៀបចំពីឆ្នាំ១៩៩១ ដោយ FIFA)។ ក្រោយមកទៀតដោយមានការសម្របសម្រួលគ្នា នៅឆ្នាំ២០១០កម្មវិធីទាំងពីរនេះបានច្របាច់បញ្ចូលគ្នា ប្រើឈ្មោះមួយថា FIFA Ballon d'Or។ បង្កើតបាន៦ឆ្នាំកម្មវិធី FIFA Ballon d'Or ក៏ត្រូវរំលាយវិញក្នុងឆ្នាំ២០១៦។ ពេលនោះឯង ទើបលេចរូបរាងកម្មវិធី The Best FIFA Football Awards ឯកម្មវិធី Ballon d'Or នៅរក្សាដដែលធ្វើដាច់តែឯងដូចពីមុន។
The Best FIFA Football Awards
កម្មវិធីប្រចាំឆ្នាំមួយនេះទើបតែប្រារព្ធឡើងបាន២ឆ្នាំប៉ុណ្ណោះ បើគិតទាំងឆ្នាំនេះ ពោលចាប់តាំង ២០១៦ ពេលដែល FIFA Ballon d'Or រំសាយ។ សម្រាប់ពានធំក្នុងកម្មវិធីនេះគឺ “Fifa Best Male Player Award” ដែល Cristiano Ronaldo ឈ្នះ២ដងជាប់គ្នា (២០១៦&២០១៧)។ ពាននេះត្រូវបានបោះឆ្នោតដោយគ្រូនិងប្រធានក្រុមជម្រើសជាតិ ស្ថិតក្រោមសមាជិក FiFa ហើយអ្នកកាសែតនិងការបោះឆ្នោតតាមអនឡាញក៏បានចូលរួមដែរ តែគេយកតែ២៥%ប៉ុណ្ណោះ។
ក្រៅពីពានធំ “Fifa Best Male Player Award” កម្មវិធី The Best FIFA Football Awards នៅមានពានតូចៗជាច្រើនទៀតដូចជា៖ “Best Female Player” “Best Men's Coach” “Best Female Coach” “Fifpro World XI” និង “Puskas award”ជាដើម។
Ballon d'Or
Ballon d'Or ជាពានកិត្តិយសតែមួយគត់សម្រាប់ប្រគល់ជូនកីឡាករបាល់ទាត់ផ្នែកបុរសដែលលេងល្អជាងគេប្រចាំឆ្នាំ ដោយមានការបោះឆ្នោតដោយអ្នកកាសែតផ្នែកកីឡាល្បីៗ។ បច្ចុប្បន្នកម្មវិធីនេះលែងមានការប្រគល់ពានតូចៗច្រើនដូចឆ្នាំមុនៗទៀតហើយ ដោយសារបញ្ហាបំបែកកម្មវិធីកាលពីឆ្នាំ២០១៦ ដូចដែលបានរៀបរាប់ខាងលើ។ ក្នុងឆ្នាំនេះពាន Ballon d'Or នឹងប្រកាសនៅថ្ងៃទី ៥ ខែ ធ្នូចុងឆ្នាំនេះ។ ទល់នឹងពេលនេះគេរើសបានបេក្ខភាព៣០នាក់ចុងក្រោយហើយ៕
ប្រភព៖ BBC ប្រែសម្រួល៖ ឡៃហ៊ាង
