ថ្មីៗនេះមានរបាយការណ៍ចេញផ្សាយថា iPhone 7 ដែលចេញកាលឆ្នាំទៅ លក់ដាច់បានច្រើនជាង iPhone 8 ដែលទើបតែចេញលក់ទៅទៀត។
ដោយឡែកបើដំណឹងថ្មីទទួលបានពីតៃវ៉ាន់ឲ្យដឹងថាក្រុមហ៊ុន Apple បានឲ្យដៃគូផ្គត់ផ្គង់របស់ខ្លួនកាត់បន្ថយការផលិត iPhone 8 ជិតពាក់កណ្ដាលសម្រាប់រយៈពេលពីរខែបន្ទាប់។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនសេវាទូរសព្ទកាណាដាឈ្មោះ Rogers បានលើកឡើងថាចំណាប់អារម្មណ៍លើ iPhone ម៉ូដែលចុងក្រោយនេះគឺខ្សោយមែនទែន។
ងាកទៅខាងក្រុមហ៊ុន Verizon វិញបាននិយាយថាតម្រូវការទាបនេះគឺដូចជាការរំពឹងទុក។ តួលេខនៃការ Upgrade ទូរសព្ទ (ប្ដូរទូរសព្ទថ្មី) នៅត្រីមាសទីបីនេះបានធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន ប៉ុន្តែនេះដោយសារតែគ្រប់គ្នាចាប់អារម្មណ៍លើ iPhone X មិនមែនមកពីមិនពេញចិត្តនឹង iPhone 8/8 Plus នោះទេ។
អំពី iPhone X វិញ អ្នកវិភាគ Ming Chi Kuo បាននិយាយកាលពីថ្មីៗនេះថានៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ នឹងមាន iPhone X ប្រមាណ ២ – ៣ លានគ្រឿង សម្រាប់ដាក់លក់នៅហាង Apple Store។ រង់ចាំតាមដានទាំងអស់គ្នា ថាតើ iPhone X អាចនឹងស្រោចស្រង់បរិមាណលក់របស់ Apple បានឬយ៉ាងណា៕
ប្រភព៖ GSMarena
