
មុននេះ មន្ត្រីបាញ់សម្លាប់គេត្រូវបញ្ជូនទៅតុលាការ
បញ្ចូលដោយ៖ Laiheang Vobfm - 17/10/2017រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុននេះបន្តិចនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជូនប៉ូលិសម្នាក់បាញ់សម្លាប់សន្តិសុខពេលច្រៀងខារ៉ាអូខេ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ ។ ជនសង្ស័យពេលនេះតំណាងអយ្យការកំពុងធ្វើការសាកសួរ ។
គួររំលឹកថា មន្ត្រីនគរបាលព្រហ្មខណ្ឌកម្រិតស្រាលរាជធានីភ្នំពេញម្នាក់ខឹងបុរសជាសន្តិសុខឯកជននិយាយឌឺដងតាមមីក្រូហ្វូនថា «គ្រាន់តែច្រៀងខារ៉ាអូខេសោះ ចាំបាច់កាន់កាំភ្លើងច្រងេងច្រងាងអី សុទ្ធតែធ្វើការមន្ត្រីរាជការដូចគ្នាទេ» ក៏ខឹងច្រឡោចយ៉ាងខ្លាំង តែត្រូវបងស្រីម្ចាស់ហាងឃាត់ ប៉ុន្តែប្រមាណ២០នាទីក្រោយក៏ត្រឡប់មកវិញ ហើយដកកាំភ្លើងបាញ់ផ្ទួនៗចំនួន៣គ្រាប់ បណ្ដាលឲ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៤ តុលា ស្ថិតក្នុងហាងលក់សាច់ក្លែមមួយកន្លែងអត់យីហោ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះឈ្មោះ ជ័យ ប៊ុនថន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរសន្ដិសុខឯកជន មានទីលំនៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកជនដៃដល់ឈ្មោះ សាន្ដ បុរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នាក់នៅផ្ទះលេខ៣១២ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ រីឯម្ចាស់ផ្ទះត្រូវជាបងថ្លៃជនបង្កឈ្មោះ ម៉ី មុំ ភេទស្រី អាយុជាង៥០ឆ្នាំ មុខរបរលក់គ្រឿងក្លែម ស្នាក់នៅផ្ទះកើតហេតុខាងលើ។