ទោះបីជាមិនមាន អំណះអំណាងពិតប្រាកដដែលបង្ហាញថាប្រភេទឈាមមានជាប់ទាក់ទងជាមួយអត្តចរិតមនុស្ស ប៉ុន្តែមានមនុស្សជាច្រើនដែលជឿជាក់យ៉ាងមុតមាំថាវាពិតមានជាប់ទាក់ទងគ្នាយ៉ាងខ្លាំង។ តួយ៉ាង នៅក្នុងប្រទេសជប៉ុន គេបានចាត់ទុកប្រភេទឈាមជាផ្នែកមួយក្នុងការជ្រើសរើសបុគ្គលិក ឲ្យស្របតាម តំណែង តួនាទី ក៏ដូចជារកមនុស្សដែលត្រូវដើម្បីរួមការងារជាមួយគ្នា។ ខាងក្រោមនេះគឺជាបុគ្គលិកលក្ខណៈក៏ដូចជាស្ថានភាពសុខភាពរបស់មនុស្សតាមប្រភេទឈាមនីមួយៗ ដែលយើងគួរស្វែងយល់៖
១. ឈាមប្រភេទ A
ស្ថានភាពសុខភាព៖ មូសមិនសូវខាំមនុស្សប្រភេទឈាមនេះទេ។ ពួកគេមានហានិភ័យក្នុងការកើតជំងឺមហារីកក្រពះ ព្រមទាំងជំងឺបេះដូងច្រើនជាងប្រភេទឈាមដទៃទៀត។
អត្តចរិត៖ ស្មោះត្រង់ មានគំនិតឆ្នៃប្រឌិតខ្ពស់ មានហេតុផល ស្ងប់ស្ងាត់ អត់ធ្មត់ និងមានទំនួលខុសត្រូវ ប៉ុន្តែពួកគេក្បាលរឹង និងឆាប់ភ័យព្រួយបារម្ភច្រើន។
២. ឈាមប្រភេទ B
ស្ថានភាពសុខភាព៖ មានបាក់តេរីល្អៗក្នុងខ្លួនច្រើន ប៉ុន្តែពួកគេអាចប្រឈមជាមួយជំងឺបេះដូង ជាងប្រភេទO។ មនុស្សស្រីប្រភេទឈាមB និង AB អាចប្រឈមជាមួយជំងឺមហារីកកន្សោមកូនផងដែរ។
អត្តចរិត៖ ងប់ងល់ ស្វាហាប់ មានគំនិតឆ្នៃប្រឌិតខ្ពស់ និងរឹងមាំ ប៉ុន្តែមួយផ្នែកទៀតរបស់ពួកគេគឺ អាត្មានិយម មិនសូវមានទំនួលខុសត្រូវ មិនចេះយោគយល់ ព្រមទាំងពិបាកស្មានចិត្ត។
៣. ឈាមប្រភេទ AB
ស្ថានភាពសុខភាព៖ ចំណុចពិសេស អាចទទួលយកឈាមបានពីគ្រប់ប្រភេទ ប៉ុន្តែអាចកើតជំងឺបេះដូងច្រើនជាងប្រភេទO។ ស្ត្រីមានផ្ទៃពោះអាចប្រឈមជាមួយជំងឺព្រាយក្រឡាភ្លើង។
អត្តចរិត៖ ចេះគ្រប់គ្រង មានហេតុផល និង ពូកែបត់បែន ប៉ុន្តែពួកគេ ប៉ិនខាងរិះគន់ មិនសូវចេះសម្រេចចិត្ត ពូកែភ្លេច និងគ្មានទំនូលខុសត្រូវពេលខ្លះ។
៤. ឈាមប្រភេទ O
ស្ថានភាពសុខភាព៖ អ្នកផ្ដល់ឈាមឈានមុខ ព្រោះឈាមប្រភេទណាក៏ទទួលយកបាន ហានិភ័យតិចចំពោះជំងឺមហារីកលំពែង គ្រុនចាញ់។ គុណវិបត្តិវិញគឺពួកគេសំបូរដំបៅ ប្រឈមជាមួយការដាច់សរសៃពួរជើងខ្ពស់ ព្រមទាំងជាមុខសញ្ញាដែលមូសចូលចិត្តខាំផងដែរ។
អត្តចរិត៖ មានភាពជឿជាក់ ម្ចាស់ការ ការប្ដេជ្ញាខ្ពស់ ឆាប់យល់ស្ថានការណ៍ ចំណែកឯចំណុចអាក្រក់វិញគឺពួកគេជាមនុស្ស តម្រូវតែចិត្តខ្លួនឯង ប៉ាន់ស្មានមិនត្រូវ ងប់ងុលបែបជ្រុលនិយមជាដើម។
ទាំងចំណុចល្អនិងអាក្រក់របស់ប្រភេទឈាមនីមួយៗ ពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកក្នុងការស្វែងយល់ពីខ្លួនឯង និងអ្នកនៅជុំវិញខ្លួនដើម្បីសម្របសម្រួលការ រស់នៅ ការងារ ព្រមទាំងការប្រាស្រ័យទាក់ទង ក៏ដូចជាការថែរក្សាសុខភាពប្រកបដោយជោគជ័យ៕
ប្រភព៖ interesting-facts ប្រែសម្រួល៖ ឡៃហ៊ាង