ការប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ បានបញ្ចប់កាលពីយប់មិញក្នុងចំណោមបេក្ខជន និងបេក្ខនារីចំនួន ៦ រូប មកពីរាជធានីខេត្តខុសៗគ្នា។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ពីប្រវត្តិខ្លះៗទាក់ទាំងបេក្ខភាពទាំង៦រូបដែលមានដូចតទៅនេះ៖
១/ម្ចាស់ជយលាភីក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ ជាក្មេងម្នាក់ដែលរស់នៅក្នុងជីវភាពក្រីក្រ នៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ពេជ្រ ថៃ មានអាយុ ១២ ឆ្នាំ រៀនថ្នាក់ទី ៧ នៃអនុវិទ្យាល័យម្រះព្រៅ ដោយស្នាក់នៅជាមួយជីដូន ព្រោះ ឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃជាង ២៥ ឆ្នាំមកហើយ ប៉ុន្តែនៅថ្ងៃប្រឡងកម្មវិធីកុមារារូបនេះ ត្រូវលោកពូ និងអ្នកមីងជាអ្នកជូនមក។
២/ កុមារី ឃុយ ម៉ីហៀង មានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺ មានអាយុ ១២ ឆ្នាំ រៀនថ្នាក់ទី៦ ជាក្មេងស្រីម្នាក់ដែលកម្សត់រស់នៅជាមួយម្ដាយជាស្ត្រីមេម៉ាយ ប្រកបរបរជាអ្នកលក់នំក្រូច នំអន្សម ចេកចៀន។ ម៉ីហៀង ត្រូវបានឪពុកស្លាប់ចោលតាំងពីនាងនៅតូចម្ល៉េះ ។ កន្លងមកកុមារីរូបនេះធ្លាប់និយាយនៅលើឆាកប្រឡងថា ខ្លួនពិតជាស្រឡាញ់អ្នកម្ដាយខ្លាំងណាស់សូម្បីតែជីវិតក៏អាចលះបង់ជូនអ្នកមានគុណបានដែរ។ សម្ដីនេះបានធ្វើឲ្យអ្នកទស្សនាជាច្រើនរំភើបមិនស្ទើរនោះទេ។
៣/ កុមារា ឡុង លីគ័ង្គ មានអាយុ ៩ឆ្នាំ រៀនថ្នាក់ទី ៣ មកពីខេត្តតាកែវ។ មានម្ដាយជាកម្មកររោងចក្រ ឯឪពុកជាអ្នកបើកឡានដឹកកម្មកររោងចក្រ។ ម្ដាយមិនចង់ឲ្យមកប្រលង តែលី គ័ង្គ បានជំរុញម្ដាយដោយនិយាយថា មានអីច្រើនអស់តែ ១ម៉ឺនរៀលតើ។ ការចេះច្រៀង គឺហាត់រៀនខ្លួនឯងច្រៀងតាមទូរសព្ទដៃ។ អនាគតចង់ធ្វើជាតារាចម្រៀងអាជីពមួយរូប។
៤/ រ៉ន ចាន់ឌីន អាយុ ១២ឆ្នាំ រៀនថ្នាក់ទី ៦ នៅខេត្តកំពង់ស្ពឺ មកប្រឡងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១មានម្ដាយជាអ្នកជំរុញលើកទឹកចិត្តឲ្យឡើងមកប្រឡង ព្រោះយល់ថាកូនស្រីខ្លួនច្រៀងពីរោះ និងមានទេពកោសល្យផ្នែកចម្រៀងតាំងពីអាយុ ៥ ទៅ ៦ ឆ្នាំមកម្ល៉េះ។
៥/ កុមារី ណូ សូស៊ីវហេង អាយុ ៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាសិស្សម្នាក់រៀននៅសាលាឯកជនដ៏ល្បីឈ្មោះមួយលំដាប់អន្តរជាតិ ។
៦/កុមារី សុខ សុជាតា មានអាយុ ១២ឆ្នាំ រៀននៅអនុវិទ្យាល័យវត្តដំបូលខ្ពស់ ថ្នាក់ទី ៧ B2 នៅរាជធានីភ្នំពេញ។ មានប៉ាជាជាងអគ្គិសនី និងម៉ាក់លក់ដូរឥវ៉ាន់ចាប់ហួយបន្តិចបន្តួច។
