លោក ឱក ព្រហ្មសុដន្ត្រៈ (Prumsodun Ok) ជាកូនខ្មែរដែលបានធ្វើឲ្យប្រជាជនកម្ពុជាដទៃទៀតមានមោទនភាពជាខ្លាំង ពេលឡើងមកលើវេទិកាដ៏អស្ចារ្យ ដោយបានធ្វើបទបង្ហាញពីវប្បធម៌ និងប្រពៃណីរបស់ខ្មែរទៅបរទេសឲ្យបានយល់ដឹង។
លោក ឱក ព្រហ្មសុដន្ត្រៈ អំឡុងពេលធ្វើបទបង្ហាញ
ជាមួយគ្នានោះ លោកក៏បានចែករំលែក ក្ដីស្រឡាញ់របស់ខ្លួន ចំពោះរបាំក្បាច់បុរាណខ្មែរ អមជាមួយពាក្យពេចន៍ កាយវិការទន់ភ្លន់ថ្លៃថ្នូរ ស័ក្ដិសមជាកូនខ្មែរពិតៗ។ នេះជាមោទនភាពមិនអាចកាត់ថ្លៃបាន នៅពេលដែលកម្ពុជាបានឈានឡើងលើឆាកអន្តរជាតិ និងបានធ្វើឲ្យជនជាតិផ្សេងកាន់តែស្គាល់ និងឲ្យតម្លៃខ្លាំងឡើងៗ។ជាក់ស្ដែង លោក ឱក ព្រហ្មសុដន្ត្រៈ មានអាយុ ៣០ឆ្នាំ គឺជាជនជាតិខ្មែរអាមេរិក ដែលបានបំបែកកំណត់ត្រាថ្មីមួយទៀតក្នុងប្រទេសកម្ពុជា ដោយបានបង្កើត ក្រុមរបាំបុរាណខ្មែរសម្រាប់ភេទទី៣ ដំបូងបង្អស់ក្នុងពិភពលោក មានឈ្មោះថា “Prumsodun Ok & NATYARASA”។ លោកត្រូវបានជ្រើសរើសជាសមាជិកជាន់ខ្ពស់របស់ TED ហើយលោកនឹងត្រូវចូលរួមក្នុងកម្មវិធីសន្និសីទធំៗប្រចាំឆ្នាំចំនួន ២។ តាមរយៈនេះ លោកក៏នឹងទទួលបានឱកាសអស្ចារ្យជាច្រើនពិកម្មវិធីនេះដែរ។
បញ្ជាក់ផងដែរ វេទិកា TED គឺជាវេទិកាដ៏ធំដែល បុគ្គលល្បីៗជាច្រើនមកពីជុំវិញពិភពលោក បង្ហាញវត្តមានជាបន្តបន្ទាប់ បង្ហាញនូវបទពិសោធន៍ ចំណេះដឹងទូទៅទាក់ទងនឹងការអប់រំ វប្បធម៌ ជំនួញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗ ដល់មហាជនជាច្រើនដែលកំពុងទស្សនាក្នុងកម្មវិធីផ្ទាល់ ហើយវាក៏ត្រូវបានចែកចាយទូទាំងពិភពលោកទាំងមូល និងបានទទួលបានគាំទ្រជាខ្លាំង៕