ការ​រុក​រក​គ្រាប់​គីមី​ក្នុង​ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​បញ្ចប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការ​រុក​រក​គ្រាប់​គីមី​ក្នុង​ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​បញ្ចប់

11/10/2017
អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​បាន​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​រុក​រក​គ្រាប់​ទម្លាក់​ពី​យន្តហោះ ប្រភេទ​អាវុធ​គីមី ក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​រក​ឃើញ​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។ ប៉ុន្តែ​អាជ្ញាធរ​កំចាត់​មីន​បាន​រុក​រក​ឃើញ​កន្លែង​មាន​គ្រាប់​បែក​ជា​អាវុធ​គីមី​ដូច​គ្នា​នេះ​ចំនួន​៧​កន្លែង​ថ្មី​ទៀត​ស្ថិត​ឃុំ​គគីរ។

លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា CMAC បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា​ថា ក្រុម​ការងារ​របស់​ស៊ីម៉ាក់​រក​ឃើញ​ប្រភេទ​គ្រាប់​គីមី​តែ​មួយ​គ្រាប់​ទេ ក្នុង​បរិវេណ​សាលា​បឋម​សិក្សា និង​វត្ត​គគីរ ភូមិ​គគីរ ​ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង។ លោក​បន្ត​ថា ប្រភេទ​គ្រាប់​គីមី​មួយ​គ្រាប់​ទៀត​អាច​ស្ថិត​នៅ​ក្រោម​អាគារ​សាលា​ឆាន់ និង​អាគារ​មួយ​ចំនួន​ទៀត ព្រោះ​ក្រោយ​សង្រ្គាម​ទី​វត្ត​អារាម​ខាង​លើ​នេះ បាន​កសាង​សំណង់​មួយ​ចំនួន ដូច​ជា​សាលា​ឆាន់ សាលា​បឋម​សិក្សា​ជា​ដើម។កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា អាជ្ញាធរ​កំចាត់​មីន​កម្ពុជា បាន​បញ្ចប់​ទាំង​ស្រុង​នូវ​សកម្មភាព​រក​គ្រាប់​បែក​អាវុធ​គីមី​ទី​១​នៅ​វត្ត​គគីរ​ ភូមិ​គគីរ​ ឃុំគគីរ​ ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង និង​បាន​វេច​ខ្ចប់​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​សុវត្ថិភាព​មុន​នឹង​កំទេច​ចោល។លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា បាន​ប្រាប់​ទៅ​អាជ្ញាធរ​កំចាត់​មីន​កម្ពុជា ឬ​CMAC អញ្ជើញ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ទៅ​ទស្សនៈកិច្ច គ្រាប់​បែក​គីមី​ពី​សម័យ​សង្គ្រាម​នៅ​ខេត្ត​ស្វាយរៀង។ ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដូច្នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​រំលឹក​ពី​ការ​ទារ​បំណុល​របស់​អាមេរិក ដែល​កម្ពុជា​ជំពាក់ ខណៈ​លោក​ចុះ​ជួប​កម្មករ​កាត់​ដេរ។

បើ​តាម​ប្រភព​ព័ត៌​មាន​ពី​CMAC​ ​សហ​រដ្ឋ​អាមេរិក​ គឺ​ជា​ប្រទេស​ផ្តល់​ជំនួយ​ធំទី២​ ដើម្បី​ការ​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​ប្រទេស​កម្ពុជា។ ក្រៅ​ពី​នេះ មាន​ប្រទេស​អូស្ត្រាលី សហភាព​អឺរ៉ុប បារាំង ជប៉ុន រួម​ទាំង​ទីភ្នាក់ងារ​បរទេស និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត។ កម្ពុជា​ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ​៤៥៥​លាន​ដុល្លារ​អាមេរិក ដើម្បី​សំអាតគ្រាប់​មិន​ទាន់​ផ្ទុះ​រហូត​ដល់​ឆ្នាំ​២០១៩៕អត្ថបទ ទេព វណ្ណះ