លោក អ៊ុំ ដរ៉ា ឈរកូតវីយូឡុង
បទ "ឈប់ស្រឡាញ់អូនទៅ" ជាស្នាដៃនិពន្ធរបស់របស់កវី អ៊ុំ ដរ៉ា ដែលបាននិពន្ធឡើងក្នុងឆ្នាំ១៩៧៥។ បទនេះលោកចំណាយពេលនិពន្ធបទភ្លេង ទំនុកច្រៀង និងប៉ារូល រយៈពេល១០ថ្ងៃ ក្រោយនិពន្ធរយៈពេល២ខែ ទើបលោកយកបទនេះឱ្យអ្នកស្រី រស់ សេរីសុទ្ធា ច្រៀង។
លោក អ៊ុំ ដរ៉ា ឈរកូតវីយូឡុង
បើតាមការបញ្ជាក់របស់កវី អ៊ុំ ដរ៉ា ដែលជាម្ចាស់បទ និងជាម្ចាស់តួអង្គក្នុងបទចម្រៀងនេះ បានឱ្យ ដឹងថា តាមពិតបទនេះលោកនិពន្ធឡើងដើម្បីចង់បង្ហាញអំពីអារម្មណ៍តានតឹង ទៅប្រាប់នារីម្នាក់ដែលស្រលាញ់ និងហួងហែងលោកខ្លាំង រហូតធ្វើឱ្យលោកយល់ថាគ្មានសេរីភាព។“មនុស្សស្រីម្នាក់នោះ ស្រលាញ់ខ្ញុំខ្លាំងពេក ខ្ញុំទៅណាបន្តិចក៏មិនបាន និយាយជាមួយអ្នកណាក៏មិនបាន និយាយរួមធ្វើអីក៏មិនបាន គ្មានសេរីភាពទេ អ៊ីចឹងខ្ញុំក៏តែងបទនេះឡើងដើម្បីចង់បង្ហាញអារម្មណ៍របស់ខ្ញុំទៅកាន់នារីម្នាក់នោះ។ ដំបូងឡើយខ្ញុំគិតឱ្យមនុស្សប្រុសច្រៀងទេ តែដល់គិតពីតម្លៃស្ត្រីខ្មែរ ទើបខ្ញុំឱ្យស្រីច្រៀងវិញ ហើយកែខ្លឹមសារតិចតួចឱ្យត្រូវនឹងរឿងមនុស្សស្រី”។
លោក អ៊ុំ ដរ៉ា បញ្ជាក់ថា ក្រោយពីចេញបទ "ឈប់ស្រលាញ់អូនទៅ” នេះហើយ នារីម្នាក់នោះក៏បញ្ឈប់ទំនាក់ទំនងជាមួយលោក និងកាត់ចិត្តផ្ដាច់ចំណងស្នេហ៍ជាមួយលោកតាំងពីពេលនោះ។
លោក អ៊ុំ ដរ៉ា គឺជាតន្ត្រីករ វីយូឡុង ដ៏ជំនាញ និងល្បីល្បាញមួយរូប ជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀងដ៏មានទេពកោសល្យតាំងពីសម័យសង្គមរាស្ត្រនិយម។ ចម្រៀងរបស់លោកជាច្រើនបទ តាំងពីទសវត្សទី៦០ រហូតមកដល់ពេលបច្ចុប្បន្ននៅតែមានអ្នកគាំទ្រច្រើន ទាំងយុវវ័យ និងវ័យចំណាស់។ បច្ចុប្បន្នលោកមានវ័យ៧៧ឆ្នាំ ដោយមានជំងឺលោកមិនអាចធ្វើអ្វីបាននោះទេ គឺនៅតែផ្ទះតែប៉ុណ្ណោះ។
បទ «ឈប់ស្រលាញ់អូនទៅ»