ស្ប៉េស្យាល់៖ គ្រូពេទ្យជំនាញមកពី ៩ប្រទេសផ្សេងៗគ្នា ដែលជាសមាជិកគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកអាស៊ី-ប៉ាស៊ីហ្វិកបានចំណាយពេល ២ថ្ងៃលើទឹកដីកម្ពុជា ដើម្បីបើកវគ្គបណ្ដុះបណ្ដាលសុខភាពទូទៅ និងសុខភាពមាត់ធ្មេញដល់វេជ្ជបណ្ឌិតជំនាញស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានឲ្យដឹងថា កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាគម្រោងរបស់គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកអាស៊ី-ប៉ាស៊ីហ្វិក ហើយពេទ្យជំនាញមកចូលរួមបណ្ដុះបណ្ដាលវគ្គនេះមាន ១៩នាក់មកពី ៩ប្រទេស ខណៈមានសិក្ខាកាមចូលរួមជាង ៥០នាក់ និងកីឡាករ-កីឡាការិនីជនបញ្ញាខ្សោយប្រមាណជិត ១០០នាក់ផងដែរ។
អគ្គលេខាធិការដដែលបន្តថា ទន្ទឹមនឹងការសិក្សាទ្រឹស្ដីរួច សិក្ខាកាមដែលទទួលបានចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលខាងលើ បានចាប់ផ្ដើមអនុវត្តន៍ផ្ទាល់ភ្លាមៗជាមួយកីឡាករ-កីឡាការិនីខ្សោយបញ្ញា ហើយជាលទ្ធផលអ្នកជំនាញមកពីគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកអាស៊ី-ប៉ាស៊ីហ្វិក បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់សិក្ខាកាមកម្ពុជា ដែលធ្វើឲ្យសិក្ខាកាមម្នាក់ៗទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់អនុវត្ត និងចូលរួមជំរុញការអភិវឌ្ឍន៍វិស័យកីឡាខ្សោយបញ្ញាឲ្យកាន់តែរីកចម្រើន៕