ប្រ​វត្តិត្រួសៗ​របស់​ស្ថាបត្យករល្បី​ឈ្មោះ​ខ្មែរ វណ្ណ ម៉ូលីវណ្ណ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រ​វត្តិត្រួសៗ​របស់​ស្ថាបត្យករល្បី​ឈ្មោះ​ខ្មែរ វណ្ណ ម៉ូលីវណ្ណ

28/09/2017
លោក វណ្ណ ម៉ូលី​វណ្ណ កើត​ក្នុង​ឆ្នាំ១៩២៦​ នៅ​ខេត្ត​កំពត។ ក្នុង​ឆ្នាំ​១៩៤៦ លោក​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង ដោយ​សិក្សា​លើ​មុខវិជ្ជា​ស្ថាបត្យ​កម្ម ហើយ​បាន​វិល​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥៦​។

ពេល​លោក​មក​ដល់​កម្ពុជា​​ភ្លាម សម្តេច​ព្រះ​នរោត្តម​ សីហនុ បាន​តែង​តាំងលោក​ជាស្ថាបត្យ​ករ​​ជាតិ ហើយ​លោក​បាន​រចនា​ប្លង់ និង​កសាង​សមិទ្ធផល​សាធារណៈ​ជាច្រើន​នៅ​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​ ដែល​គេ​ចាត់ទុក​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​ទំនើប​កម្ម​ក្នុង​សម័យ​នោះ។​

ក្រៅ​ពី​ការ​ងារ​រាជការ លោក​ក៏​បាន​រចនា និង​សង់​ផ្ទះ​សម្រាប់​ឯកជន និង​គម្រោង​តូចៗ​ផ្សេងទៀត​​ផង​ដែរ​នៅ​ពេល​នោះ។ សំណង់​របស់​លោក​ដែល​បន្សល់​ទុក​ដល់​បច្ចុប្បន្ន​មាន​ដូចជា​ស្តាត​អូឡាំពិក អគារ​ក្នុង​សាកល​វិទ្យាល័យ​ភូនមិន្ទភ្នំពេញ និងអគារវិទ្យាស្ថាន​ភាសាបរទេស និង​សាលមហោស្រប​ចតុមុខ​ជា​ដើម។​
(លោក វណ្ណ ម៉ូលីវណ្ណ ថត​កាល​ឆ្នាំ​១៩៥៨)
ក្រោយ​រដ្ឋប្រហារឆ្នាំ​១៩៧០ លោក វណ្ណ ម៉ូលី​វណ្ណ​ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​រស់​នៅ​ប្រ​ទេស​ស្វីស និង​បាន ធ្វើ​ការ​ជាមួយស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​ង្គការ​សហប្រ​ជា​ជាតិ​​​​នៅ​​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន។​

លោក​បាន​វិល​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៩១ និង​បាន​ទទួល​ការតែងតាំង​ជារដ្ឋ​មន្ត្រី​ក្រ​សួង​វប្បធម៌ ហើយ​លោក​ក៏​ជា​ស្ថាបនិក​ម្នាក់​ចូល​រូម​បង្កើត​អាជ្ញាធរ​ជាតិអប្សរា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រគម្រោង​វណ្ណ ម៉ូលី​វណ្ណ។​ លោក​បាន​រស់​នៅ​ខេត្ត​សៀម​រាប និង​ស្លាប់​នៅទី​នោះ ។​

បើ​តាម​អគ្គ​នាយក​រង​អាជ្ញាធរជាតិ​អប្សរា ឯក​ឧត្តម ហង្ស ពៅ ដែល​ស្និទ្ធ​នឹង​គ្រួសារ​លោក វណ្ណ ម៉ូលីវណ្ណ​ នៅ​ព្រឹកនេះ​ថា លោក វណ្ណ ម៉ូលីវណ្ណ​ បាន​ស្លាប់ហើយនៅ​ព្រឹកថ្ងែទី​២៨ ខែ​កញ្ញា​នេះ​​ដោយ​ជំងឺ​ចាស់ជរាដែល​មិន​អាច​ព្យា​បាល​បាន​។ បើ​តាម​ឯកឧត្តម ហង្ស ពៅ សព​លោក វណ្ណ ម៉ូ​លីវណ្ណ​ នឹង​ត្រូវតម្កល់​ទុក​ធ្វើ​បុណ្យ​នៅ​វត្ត​ស្ទឹង​ និងថា​គណៈកម្មការរៀប​ចំ​​បុណ្យ​ជាតិ និង​អន្តរជាតិ​ជា​អ្នក​រៀប​ចំពិធី​បុណ្យសព​នេះ។

រូបភាព៖ គម្រោង​វណ្ណ ម៉ូលីវណ្ណ