ភ្នំពេញៈ ក្រុមក្រសួងការពារជាតិ (ទ័ព) ដែលទើបទទួលការខកចិត្តខ្លាំង ក្រោមស្នាដៃក្រុមណាហ្គាវើល នោះបានដាក់ទិសដៅយ៉ាងប្រាកដមួយ គឺការយកឈ្នះក្រុមបឹងកេត ម្តងទៀត សម្រាប់ការវិលមកជួបគ្នាជើងទី ២ នៅចុងសប្តាហ៍នេះ ដើម្បីរក្សាទីតាំងលេខ ៤ របស់ខ្លួន ខណៈព្រះខ័នរាជស្វាយរៀងណាហ្គាវើលនិងភ្នំពេញក្រោន មានភាគរយខ្ពស់ក្នុងការរក្សាទីតាំងលេខ ១ លេខ ២ និងលេខ ៣ របស់ខ្លួន នៅសប្តាហ៍ទី ១៦ នេះ។
ការបរាជ័យ ៣-០ ក្រោមស្នាដៃក្រុមណាហ្គាវើល កាលពីសប្តាហ៍មុន បានធ្វើឲ្យក្រុមទ័ព មានការខកចិត្តយ៉ាងខ្លាំង ប៉ុន្តែការចាញ់នោះលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព បានបន្ទោសគណៈកម្មការរៀបចំការប្រកួតលីកកំពូលកម្ពុជា របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានផ្អាកការប្រកួតយូរពេក ធ្វើឲ្យកូនក្រុមរបស់គាត់ឡើងស្ពឹកដៃជើង លេងមិនសូវបានល្អ។
លោក ទេព ឡុងរចនា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «យើងគួរបន្ទោសទៅគណៈកម្មការរៀបចំ ដែលផ្អាកការប្រកួតយូរពេក ដែលធ្វើឲ្យកីឡាកររបស់យើងហាក់ស្ពឹកដៃជើង គឺវាដូចជាកាំបិតអ៊ីចឹង តែយើងខានសំលៀងយូរ វាមិនសូវមុតនោះទេ ប៉ុន្តែណាហ្គាវើល គេបានចេញទៅប្រកួតនៅក្រៅប្រទេស ដូច្នេះគេមុតជាងយើង»។
យ៉ាងណាក៏ដោយ គ្រូបង្វឹករូបនេះ មានការជឿជាក់ថា កូនក្រុមរបស់លោក នឹងលេងបានល្អឡើងវិញ ដើម្បីយកឈ្នះក្រុមបឹងកេត ដែលពួកគេធ្លាប់ឈ្នះ ៣-០ កាលជើងទី ១ ម្តងទៀត។
លោក ឡុងរចនា បានបញ្ជាក់ថា៖ «យើងត្រូវតែខំប្រឹងប្រែងរកការឈ្នះ ដើម្បីឈរនៅលេខរៀងដដែល ព្រោះបើយើងចាញ់លើកនេះ យើងនឹងធ្លាក់ទៅឈរនៅលេខរៀងទី ៦ ឬទី ៧ ហើយ ហេតុនេះមិនមែនតែត្រឹមយកឈ្នះក្រុម បឹងកេត ទេ ប៉ុន្តែយើងត្រូវការឈ្នះគ្រប់ការប្រកួតដែលនៅសល់ ព្រោះបើយើងធ្វើមិនបានទេ គឺយើងមិនអាចឡើងទៅវគ្គបន្តបានឡើយ»។
នៅពេលនេះ ក្រុមទ័ព បានធ្លាក់ពីលេខ ២ មកឈរនៅលេខ ៤ ដោយមាន ២៧ ពិន្ទុស្មើជាក្រុមបឹងកេត ដែលឈរនៅលេខ ៥ ហេតុនេះបឹងកេត ក៏ត្រូវការឈ្នះ ដើម្បីដណ្តើមយកលេខ ៤ របស់ក្រុមទ័ព ផងដែរ ខណៈខ្សែការពារ ហុង ផេង ដែលបានខកខានការប្រកួតជាច្រើនខែដោយសារបញ្ហារបួសនោះ ក៏ចូលជួបក្រុមបឹងកេត លើកនេះវិញដែរ។
លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានប្រាប់កាលពីម្សិលមិញថា៖ «ការប្រកួតនេះ នឹងមានភាពតានតឹងខ្លាំង ព្រោះក្រុមទាំង ២ ត្រូវការឈ្នះ ដើម្បីឈរនៅលេខ ៤ ដូចគ្នា។ យើងមិនទាន់ហ៊ានថា យើងអាចយកឈ្នះក្រុមទ័ព ឬយ៉ាងណានោះទេ ប៉ុន្តែយើងអាចទទួលបានលទ្ធផលល្អជាងការជួបគ្នាជើងទី ១ ព្រោះយើងត្រៀមខ្លួនបានល្អ»។
យ៉ាងណាមិញក្រុមកំពុងឈរនៅលើកំពូលតារាងដោយមាន ៣៤ ពិន្ទុ ព្រះខ័នរាជស្វាយរៀង ក្រុមឈរនៅលេខ ២ មាន ២៩ ពិន្ទុ ណាហ្គាវើល និងក្រុមភ្នំពេញក្រោន ដែលកំពុងឈរនៅលេខរៀងទី ៣ មាន ២៨ ពិន្ទុ អាចនឹងឈ្នះបាន ៣ ពិន្ទុបន្ថែមរៀងៗខ្លួន ព្រោះការប្រកួតលើកនេះ ស្វាយរៀង ត្រូវទៅជួបក្រុមឈរនៅបាតតារាងគិរីវង់សែនជ័យ ដែលពួកគេធ្លាប់ឈ្នះ ២-១ ក្នុងជើងទី១ ឯក្រុម ណាហ្គាវើល ត្រូវប៉ះក្រុមអគ្គិសនីកម្ពុជា ដែលពួកគេធ្លាប់លត់ ៤-១ ក្នុងជើងទី ១ ហើយភ្នំពេញក្រោន ត្រូវតទល់ជាមួយក្រុមដែលពួកគេធ្លាប់ឈ្នះ ៣-០ ក្នុងជើងទី ១ គឺអាស៊ីអឺរ៉ុប៕
