ទីបំផុត! ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ​ សម្រេចឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត! ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ​ សម្រេចឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ

06/09/2017
(ភ្នំពេញ)៖ ទីបំផុត ! ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានសម្រេចឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ដែលទោសនេះប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ទៅ៣០ឆ្នាំ។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក លី សុផាណា បាន​​​​ឱ្យដឹងយ៉ាងដូច្នេះថា៖ បន្ទាប់ពីបញ្ចប់ការពិភាក្សាដេញដោលចំពោះមុខនិងសាកសួររចម្លើយជនត្រូវចោទឈ្មោះ កឹម សុខា រួចរាល់ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាព​ជាមួ​យ​បរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ​ ហើយបានអនុវត្តការឃុំខ្លួនតាមនីតិវិធី»។

លោក កឹម សុខា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលចែងក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរកឃើញថា លោកមានការឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពរបស់ជាតិ ដូចកាលពីឆ្នាំ១៩៧០។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ១២៖៣៥នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយ បង្ហាញថា លោកសារភាពអំពីការអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់ មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ។

ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ខាត មិនឱ្យសហរដ្ឋអាមេរិក លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ហើយបង្គាប់ឱ្យមានការស៊ើបអង្កេតថែមទៀតចំពោះជនបរទេស ដែលមានការពាក់ព័ន្ធនឹងករណីក្បត់ជាតិរបស់ លោក កឹម សុខា៕