សហរដ្ឋអាមេរិក៖ «មេក្លោងដែលតែងតែផ្តល់ជំនួយដល់ក្រុម ISIS នៅទីក្រុងម៉ូស៊ូល កំពុងរស់នៅតួកគី» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក៖ «មេក្លោងដែលតែងតែផ្តល់ជំនួយដល់ក្រុម ISIS នៅទីក្រុងម៉ូស៊ូល កំពុងរស់នៅតួកគី»

06/09/2017
(ស្តក់ហូម)៖ ក្រសួងរតនាគារជាតិ​របស់សហរដ្ឋអាមេរិក​បានលើកឡើងថា មេផ្តល់ជំនួយរបស់​ក្រុម ISIS នៅ​ទីក្រុង​ម៉ូស៊ូ​ល​គឺលោក សាលីម មូស្តាហ្វា មូហាំម៉ាត់ អាល់ម៉ាន់សូត (Salim Mustafa Muhammad al-Mansur) កំពុង​​រស់នៅ​ក្នុង​ប្រទេស​តួក​គី​តាំងតែពី​ដើម​ឆ្នាំ២០១៧​មក។ នេះបើតាមការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Stockholm Center For Freedom នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍របស់ក្រសួងខាងលើកាលពីពេលថ្មីៗនេះ លោក al-Mansur ដែល​ត្រូវ​បាន​គេចាត់ឈ្មោះចូលជា​ ភេរវករអន្តរជាតិ និងហាមឃាត់មិនឲ្យប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិក និងអ៊ីរ៉ាក់នោះ បាននិងកំពុងបន្ត​រស់​នៅ​ក្នុង​ទីក្រុង មើសីន (Mersin) នៃខេត្តអាដាណា (Anada) និងអ៊ីស្តង់ប៊ុល តាំងតែពីដើមឆ្នាំ២០១៧មកម្ល៉េះ។

លោក ចន ស្មីត  (John Smith) នាយកការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស នៃក្រសួងរតនាគារជាតិអាមេរិក បាន​បញ្ជាក់​ថា​៖ «ក្រសួងរតនាគារនិងបន្តធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយ​រដ្ឋា​ភិបាល​អ៊ីរ៉ាក់​ដើម្បី​រារាំង​បណ្តាញ​ហិរញ្ញ​វត្ថុ​របស់​ក្រុម ISIS ទាំងនៅក្នុងនិងក្រៅដែនដីកាន់កាប់របស់ពួកភេរវករ»។ នេះបើតាមការរបាយការណ៍ពី Stockholm.org ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

បើតាមសហរដ្ឋអាមេរិក លោក al-Mansur បានជួយផ្ទេរលុយរាប់សែន Dinars (រូបិយប័ណ្ណអ៊ីរ៉ាក់) ទៅឲ្យ ISIS ដែល​នៅ​ទីក្រុងម៉ូស៊ូល កាលពីឆ្នាំ២០១៤ ហើយបានជួយលាងក៏ដូចជាផ្ទេរលុយកខ្វក់ ឲ្យក្រុមភេរវករនេះ រួមទាំង​លក់​ប្រេង​ដែល ISIS ខួងយក​បាន​ពីប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។

កាលពីខែកញ្ញាឆ្នាំមុន ក្រសួងរតនាគារអាមេរិក បានសម្រេចដាក់ទណ្ឌកម្មទៅលើបុរស់ពីរនាក់គឺលោក មូហាំម៉ាត់ អាល់សាអ៊ីត អាល់ម៉ីដាន (Mohamad Alsaied Alhmidan) និងលោក ហូសាម ចាម៉ូស  Hussam Jamous ដែល​រស់​នៅ​តួក​គី និងរងការចោទប្រកាន់ថា ជាអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុរបស់ ISIS។
គួរបញ្ជាក់ថា បើតាមក្រសួងដដែលខាងលើ លោក Alhmidan ដែលមានអាយុ ៤០ឆ្នាំ និង​ស្នាក់​នៅ​ប្រទេស​តួកគី​ ហើយ​មាន​លិខិតឆ្លងដែនស៊ីរីនោះ បានជួយសម្រួលដល់លំហូរលុយរាប់ម៉ឺនដុល្លារ និងការចល័តរបស់ក្រុមសកម្មប្រយុទ្ធ​​បរទេស​ជា​​ច្រើន​នាក់ រួមទាំងផ្តល់​ការជ្រោមជ្រែងផ្នែក​​ដឹក​ជញ្ជូន​ដល់ ISIS ថែមទៀត។ ដោយឡែក លោក Jamous ដែលរស់នៅក្រុង អាន់តាក់យ៉ា (Antakya) ខេត្តហាតាយ (Hatay) ជិតព្រំដែនស៊ីរី ក៏មានលិខិតឆ្លងដែនស៊ីរីផងដែរ៕