(ប៉េកាំង)៖ ទីបំផុតក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ហ្សង (Geng Shuang) បានថ្លែងច្បាស់ៗថា វាជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ និងស្ថិរភាពជាតិ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្តិច នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
ការបង្ហាញជំហរគាំទ្រពីសំណាក់ រដ្ឋាភិបាលទីក្រុងប៉េកាំងខាងលើនេះ ធ្វើឡើងនៅក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃអង្គារ។ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការចាប់ខ្លួន លោក កឹម សុខា ពីទោសក្បត់ជាតិ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានលើកឡើងយ៉ាងច្បាស់លាស់យ៉ាងដូច្នេះថា «ប្រទេសចិនគំាទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ និងស្ថិរភាពសម្រាប់ប្រទេសជាតិ»។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានបញ្ជាក់ដែរថា សម្តេចនឹងលះបង់ គ្រប់តម្លៃទាំងអស់ ដើម្បីការពារសន្តិភាពជូនជាតិ ដោយសម្តេចបានសង្កត់ធ្ងន់ថា មិនអាចអនុញ្ញាតឱ្យបរទេសប្រើប្រាស់ខ្មែរ ដើម្បីសម្លាប់ខ្មែរទៀតនោះទេ។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ១២៖៣៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្រប់ច្បាប់ប្រទេស ដែលកើតចេញពីការបោះឆ្នោត៕
