សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ចំពោះការចាប់ខ្លួន លោក កឹម សុខា គ្រាន់តែជាការការពារដល់ «អាយ៉ង» របស់ខ្លួនតែប៉ុណ្ណោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ចំពោះការចាប់ខ្លួន លោក កឹម សុខា គ្រាន់តែជាការការពារដល់ «អាយ៉ង» របស់ខ្លួនតែប៉ុណ្ណោះ

04/09/2017
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃចន្ទនេះ បានហៅសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះ ថាជាការថ្លែងការពារអាយ៉ងរបស់ខ្លួនតែប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ទៅលើជនបរទេស ដែលមានការពាក់ព័ន្ធទង្វើក្បត់ជាតិរបស់ លោក កឹម សុខា។
ការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញនេះ ដោយជំទាស់ចំពោះការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ឲ្យដឹងថា៖ «យើងកត់សម្គាល់ពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួន លោក កឹម សុខា ដែលជាមេដឹកនាំគណបក្សនយោបាយជំទាស់ ដ៏គួរឲ្យគោរព ពីបទចោទមួយចំនួនដែលមើលទៅហាក់ដូចជា មាននិន្នាការនយោបាយ‍»

ថ្លែងក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិហារឥស្លាមជើមៀក នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ច ក្នុងការការពារដល់សន្តិភាពរបស់ខ្លួន ហើយមិនអាចឱ្យបរទេសមកបំផ្លាញតាមរយៈអាយ៉ងរបស់ពួកគេបានឡើយ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងគ្រាន់តែផ្តាំផ្ញើថា អ្នកដែលបានធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារនូវជននេះ គឺវាគ្រាន់តែជាការការពារអាយ៉ងរបស់ខ្លួន ឱ្យរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះ»

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីប្រវត្តិរងគ្រោះរបស់កម្ពុជា កាលពីអំឡុងឆ្នាំ១៩៧០ ផងដែរ ដែល លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ បានជឿលើអាមេរិក រហូតដល់ធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ បណ្តាលឱ្យកើតវិនាសកម្មជាបន្តបន្ទាប់ដល់កម្ពុជា។ សម្តេចបានប្រកាសថា ឥឡូវកម្ពុជាមិនឱ្យប្រវត្តិសាស្រ្តដ៏អាក្រក់នេះមកកាន់កម្ពុជាវិញជាដាច់ខាត។

សម្តេចបានថ្លែងថា៖ «អតីតកាលរបស់យើង នៅឆ្នាំ១៩៧០ យើងខ្លោចផ្សារខ្លាំងណាស់ យើងរងទុក្ខវេទនារួមគ្នា អញ្ចឹងហើយបានជាយើងត្រូវមើលឃើញចំណុចទាំងនេះ។ ដើម្បីឈានឡើងទៅមុខ តម្រូវការមុនគេ គឺការរក្សាសន្តិភាពឱ្យខាងតែបាន ទោះដោយតម្លៃណាក៏ដោយ មិនអាចឱ្យបរទេសមកប្រើប្រាស់ជនជាតិខ្មែរ ដើម្បីសម្លាប់ខ្មែរតទៅទៀតទេ»
សម្តេចបានថ្លែងថា លោក កឹម សុខា កំពុងដើរតាមគន្លងរបស់ លោកសេនាប្រមុខ លន់ នល់ និង ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ដែលមានការឃុបឃិតជាមួយសហរដ្ឋអាមេរិក ដូចបង្ហាញនៅក្នុងសំឡេងដែលបែកធ្លាយ។ សម្តេចថ្លែងថា បើដូច្នេះចលនាតវ៉ា បាតុកម្ម ដែលបង្កឱ្យមានពលរដ្ឋស្លាប់ កាលពីឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះ ក៏មានការពាក់ព័ន្ធនឹងអំពើក្បត់ជាតិនេះដែរ ដែលត្រូវតែមានវិធានការ ជាបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «គេបាននិយាយថា បើផែនការប៉ុណ្ណឹងគឺមិនជោគជ័យ រៀបចំមធ្យោបាយប៉ុណ្ណឹងហើយមិនជោគជ័យ គឺគេមិនដឹងថាម៉េចដែរ នេះមានន័យថាគេនៅតែបន្តធ្វើទៀត ក៏ប៉ុន្តែយើងបានរកឃើញហើយ យើងត្រូវបន្តចាត់វិធានការ ដើម្បីកម្ចាត់ចោលចំពោះក្រុមដែលបំផ្លាញជាតិ បំផ្លាញសេចក្តីសុខ របស់ប្រជាជន យើងមិនបានធ្វើបាបនរណាទេ នរណាធ្វើខុស អ្នកហ្នឹងទទួលខុសត្រូវ»

សម្តេចបន្តទៀតថា៖ «យើងមិនទៅបំផ្លាញសេចក្តីសុខរបស់នរណាទាំងអស់ ប៉ុន្តែយើងក៏មិនឱ្យនរណាមកបំផ្លាញសេចក្តីសុខ របស់ជាតិ និងប្រជាជនរបស់យើងដែរ។ សេចក្តីសុខនេះ សម្រាប់យើងទាំងអស់គ្នា»

សម្តេចបញ្ជាក់ទៀតថា លោក កឹម សុខា បានធ្វើខុសនឹងសម្បថរបស់ខ្លួនឯង ដែលបានស្បថនៅព្រះបរមរាជវាំង និងមុខព្រះភ័ក្ររបស់ ព្រះមហាក្សត្រ និងនៅមុខព្រះភក្ររបស់សម្តេចសង្ឃទាំងពីរគណៈ ដែលសន្យាមិនឱ្យបរទេសមកបង្គាប់បញ្ជាគោលនយោបាយរបស់ខ្លួន ក្នុងប្រទេស និងក្រៅប្រទេសជាដើម៕

ប្រភព៖ Fresh News